ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញពេទ្យសត្វបានលើកឡើងថា ប្រសិនបើខាងជំនាញពេទ្យសត្វមិនមានវិធានការត្រួតពិនិត្យសុខភាពសត្វនិងរឹតបន្តឹងទៅលើការនាំចូលទេនោះ អាចមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកបរិភោគដ៏ធ្ងន់ធ្ងរ ជាពិសេសបញ្ហាជ្រូកក្រហមនិងជ្រូកពុំបានត្រួតពិនិត្យលើបញ្ហាសុខភាពកំពុងនាំចូលយ៉ាងគំហុកតាមច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
គេបានរាយការណ៍មកថា ច្រករបៀងអូរបីជាន់ មានការចរាចរជ្រូកពីប្រទេសថៃដូចហែកឋិន ប៉ុន្តែការងរត្រួតពិនិត្យបញ្ហាសុខភាពសត្វមិនទាន់អនុវត្តតាមផែនការ។ ដោយគេសង្ស័យថា អាចបណ្ដាលមកពីឈ្មួញដឹងជ្រូកមានខ្សែទុយោធំ ឬជំនាញពេទ្យសត្វកំពុងឆក់យកឱកាសលើប្រភពសេដ្ឋកិច្ច។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឃុបឃិតគ្នាជាមួយឈ្មួញអនុញ្ញាតឲ្យជ្រូកមានសុខភាពមិនល្អហូរចូលតាមច្រករបៀងអូរបីជាន់ ស្ថិតក្នុងភូមិអូរបីជាន់ ដែលជាតំបន់គ្រប់គ្រងដោយយោធាយោធភូមិភាគទី៥ មានចេញជ្រូកក្នុងមួយយប់ៗរាប់រយក្បាល ក្នុងនោះមុខសញ្ញាឈ្មួញជាប្រចាំមានដូចជា ចែភិន និងចែភីម អ្នកទាំងពីរគឺជាបងប្អូននឹងគ្នា។ ក្រៅពីនោះមានឈ្មោះ តាស៊ិន និងប្រពន្ធឈ្មោះ ជីត និងឈ្មួញឈ្មោះ សឿន ជាអ្នកចេញមុខនាំជ្រូកតាមច្រករបៀងខាងលើ ហើយជាសមាសភាពឈ្មួញដ៏ស្និតស្នាលជាមួយលោក ហ៊ុយ ទូច ប្រធានពេទ្យសត្វខេត្ត។
ពាក់ព័ន្ធនឹងជ្រូកហូរចូល លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កន្លងទៅរឿងទាំងអស់នេះគឺមានក្រុមឈ្មួញលួចនាំចូល ហើយឲ្យលោកបង្ក្រាបតាមរូបភាពណា សូមកុំទំលាក់កំហុសទាំងអស់នេះមកលើលោកពេក ។
បញ្ហាជ្រូកសុខភាពមិនល្អ (មានជំងឺ) ឬជ្រូកក្រហម តាមជំនាញខាងក្រសួងកសិកម្មបានលើកឡើងថា បើគ្មានវិធានការត្រួតពិនិត្យលើសុខភាពសត្វទេនោះ អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋដែលជាអ្នកបរិភោគ ខណៈជ្រូកប្រភេទនេះច្រើនបង្កទៅជាអាការរោគ ជាពិសេសទៅលើរោគស្ត្រីគឺមហារីកសុដន់ និងមហារីកស្បូន។ កន្លងទៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានរឹតបន្តឹង ដូចជាការនាំចូលមកពីប្រទេសវៀតណាមជាដើម ដល់បច្ចុប្បន្ននេះជ្រូកមានជំងឺមួយចំនួនធំត្រូវបានឈ្មួញលួចនាំចូលតាមច្រករបៀងខេត្តបន្ទាយមានជ័យ ហើយលោក ហ៊ុយ ទូច ប្រធានពេទ្យសត្វខេត្តមួយនេះគាត់ឆ្អិនឆ្អៅនឹងប្រយោជន៍ទើបការទប់ស្កាត់ នាំចូល ការទទួលខុសត្រូវពិនិត្យសុខភាពសត្វមិនទាន់អាចទទួលយកបាន៕
ដោយ៖ វណ្ណាប៉ោយប៉ែត