ខេត្តតាកែវ៖ កម្លាំងសមត្ថកិច្ចស្រុកទ្រាំងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវធ្វើការប្រដេញចាប់បានចោរប្លន់ម៉ូតូ មួយករណីនៅវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងនៅស្រុកទ្រាំង។
...
តាមសម្តីរបស់លោក ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវបានឲ្យដឹងថា ក្រោយពីទទួលបានដំណឹងពីសកម្មភាពវាយប្លន់ យកម៉ូតូមួយគ្រឿងនៅក្នុងទឹកដីស្រុកទ្រាំង ហើយគោលដៅដែលជនសង្ស័យមកគឺក្រុងដូនកែវ កម្លាំងរបស់លោកបានធ្វើការទាក់ទងតាមអាយឌី រហូតឃើញមុខសញ្ញាជនសង្ស័យ ក៏បានជិះរថយន្តនិងម៉ូតូធ្វើការដេញស្ទាក់ចាប់បានជនសង្ស័យនៅចំណុចជិតសាលាក្រុង ស្ថិតនៅក្នុងភូមិស្នោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានចំនួន២នាក់ រួមនឹងវត្ថុតាងផងដែរ។
លោកអធិការបានបន្ថែមទៀតថា ក្រោយសួរចម្លើយបឋមនៅអធិការដ្ឋាននគរបាលក្រុងជនសង្ស័យទាំង២នាក់នោះមានឈ្មោះទី១ ព្រំ ភក្តី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ២ សង្កាត់មិត្ត ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ និងទី២ឈ្មោះ ញ៉ែម ស៊ឺ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិតាក្រឹត ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជនសង្ស័យទាំង២នាក់បានសារភាពទៀតថា ពួកគេពិតជាបានវាយប្លន់យកម៉ូតូពីជនរងគ្រោះពិតប្រាដកមែន ដោយពួកគេជិះម៉ួតូគៀម៉ូតូជនរងគ្រោះឲ្យឈប់ រួចបានវាយមួយដៃចំភ្នែកធ្វើឲ្យជនរងគ្រោះដួល បន្ទាប់មកពួកគេបានជិះម៉ូតូម្នាក់មួយចេញមកសំដៅទីរួមខេត្តតាកែវ។ ចំណែកម្ចាស់ម៉ូតូទាំង២នាក់ប្ដីប្រពន្ធ មានឈ្មោះ សែម សេងលី ជាប្តី អាយុ៤៤ឆ្នាំ និង ប្រពន្ធឈ្មោះ សុខ គឹមសេង អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងអង្គ ឃុំព្រៃស្លិក ស្រុកទ្រាំង ខេត្តតាកែវ បាននិយាយថា ពេលព្រឹកម៉ោងប្រហែលជា១០ និង៣០នាទី ប្រពន្ធរបស់គាត់ឈ្មោះ សុខ គឹមហេង បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០១៦ មិនទាន់មានស្លាកលេខ មកទិញម្ហូបនៅផ្សារ មិនទាន់ទាំងដល់ផ្សារផងក៏ត្រូវជនសង្ស័យទាំង២នាក់ជិះម៉ូតូមកគៀគាត់ឲ្យឈប់និងបានវាយគាត់មួយដៃចំភ្នែកធ្វើឲ្យគាត់ដួល ទើបយកម៉ូតូគាត់ជិះមកទីរួមខេត្តតាកែវ។ ក្រោយពេលជនសង្ស័យទាំង២នាក់នេះធ្វើសកម្មភាពរួចគាត់បានមកប្តឹងសមត្ថកិច្ចភ្លាមៗដើម្បីជួយអន្តរាគមន៍។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ដែលកម្លាំងសមត្ថកិច្ចស្រុកទ្រាំង សហការជាមួយកម្លាំងនគរបាលក្រុងដូនកែវធ្វើការចាប់ឃាត់ខ្លួនបានកសាងសុំណុំរឿងដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការតាមនីតិវីធី៕
ដោយ៖ ជីសូរិកា
...