លោកស្រី ញ៉ែម មរកត ប្រកាសជួយស្ត្រីម្នាក់ ដែលត្រូវអ្នកលក់ខោអាវ២នាក់ប្តីប្រពន្ធ ជេរប្រមាថធ្ងន់ធ្ងរជាសាធារណៈ ដោយប្តឹង៣បទល្មើស

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានប្រកាសជួយស្ត្រីម្នាក់ ដែលត្រូវអ្នកលក់ខោអាវតាមអនឡាញ២នាក់ប្តីប្រពន្ធ ជេរប្រមាថធ្ងន់ៗជាសាធារណៈ ដោយប្រពាក្យគំរោះគំរើយ ដែលមិនអាចទទួលយកបាន។

លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ប្រាប់សារព័ត៌មានថា ករណីអ្នកលក់ខោអាវនៅខេត្តសៀមរាប ប្រមាថស្ត្រីម្នាក់ជាអ្នកទិញ នៅខេត្តប៉ៃលិន លោកស្រីបានទាក់ទង ស្នងការរងខេត្តសៀមរាប និងមេធាវីផង ដើម្បីប្តឹងជនបង្ក ៣បទល្មើស រួមមាន៖

ទី១៖ បទបរិហារកេរ្តិ៍ជាសាធារណៈ

ទី២៖ បទជេរប្រមាថជាសាធារណៈ

ទី៣៖ បទញុះញង់ឲ្យមានការរើសអើង។

លោកស្រី បញ្ជាក់ថា «យើងរួមគ្នាលើកកម្ពស់សីលធម៌សង្គម មិនគួរឲ្យមនុស្ស ២នាក់បំផ្លាញសីលធម៌សង្គមអីចឹងទេ រកស៊ីនៅខេត្តសៀមរាបផង ថ្ងៃណាមួយគាត់អាចមានរឿងជាមួយភ្ញៀវទេសចរជាតិ អន្តរជាតិទៀតក៏ថាបាន បើពួកគាត់និយាយស្តីគ្មានដឹងខ្យល់អីយ៉ាងនេះ»។

សូមជម្រាបថា ស្ត្រីលក់លើកឡើងចំពោះអតិថិជនថា «សង្វេគហ្អែងណាស់ហង អត់មានលុយ ១រៀលផង កម្មង់អីវ៉ាន់គេ» ខណៈបុរសជាប្តី ក៏លើកឡើងថា «ភ្ញៀវដូចចែឯងរាងប្រកាច់ៗ កន្ត្រាក់ៗអីចឹង ទើបជក់ថ្នាំហើយរាងបែកៗ ធ្វើចរិតថោកទាប គេជេរហើយ»។

តាមការបញ្ជាក់របស់ស្រ្តីជាអតិថិជន ដែលត្រូវបានគេចែកចាយព្រោងព្រាតតាមបណ្តាញសង្គមអមដោយសាររិះគន់ខ្លាំងៗចំពោះ២នាក់ប្តីប្រពន្ធនោះ គាត់បានបាញ់លុយដែលកម្មង់ទិញខោអាវរួចហើយ តែ៣ថ្ងៃក្រោយមិនទាន់ទទួលឥវ៉ាន់ ក៏គាត់សួរនាំ ប៉ុន្តែត្រូវបាន២នាក់ប្តីប្រពន្ធចេញមកជេរប្រមាថយ៉ាងខ្លាំងៗទៅវិញ។

មហាជនដែលបានចែករំលែករឿងនេះ សូមអំពាវនាវដល់ថ្នាក់ដឹកនាំពាក់ព័ន្ធ និងក្រសួងស្ថាប័នជំនាញ មានចំណាត់ការយ៉ាងម៉ឺងម៉ាត់ចំពោះ២នាក់ប្តីប្រពន្ធនេះ ដើម្បីរួមគ្នាជួយលើកម្ពស់ សីលធម៌នៅក្នុងសង្គមរបស់យើង។

ជុំវិញបញ្ហានេះ អ្នកលេង Facebook ចរិកជួយសង្គមម្នាក់បានបង្ហោះថា ៖ «មែនក៏អី បានជាឃើញ facebook  បង្ហោះបុគ្គល ២នាក់ប្តីប្រពន្ធនេះថា ប្រើសំដីមិនគប្បីលើ អតិថិជន ? អាចសមត្ថកិច្ចសិក្សា ទោះបីជាគ្មានបណ្តឹង ប៉ុន្តែតាម facebook ដែលមានការសរសេរពិត ជាតម្រុយបានដែរ ដើម្បីរក្សាសីលធម៌សង្គម !»។

អ្នកខ្លះនិយាយថា ៖ «អ្នកលក់ដូរខ្លះសំដីដូចយើងទៅសុំវាចឹងកោតតែមានអ្នកទិញដែរ  បើជាខ្ញុំវិញទោះពាក់ទៅហោះក៏មិនរមាស់ទិញវាដែរ😡😡😡😡» ។

សូមបញ្ជាក់ថា ៖ តាមរយៈប្ដីប្រពន្ធ ដែលបានលក់អីវ៉ាន់តាមអនឡាញ គាត់បានប្រើភាសា អសីលធម៌ធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់កិត្តិយសសិទ្ធិបុគ្គលជាអតិថិជន ក៏ដូចជាបង្ហាញនូវ ការជាន់ឈ្លីសីលធម៌សង្គម ងាកងាយ ធ្ងន់ធ្ងរណាស់ ដែលមន្ត្រីនគរបាលយុត្តិធម៌ ខេត្តសៀមរាប គប្បីធ្វើការស៊ើបអង្កេត ស្រាវជ្រាវ សិក្សាឱ្យបានច្បាស់លាស់ អ្វីដែលបុគ្គលនោះបានប្រព្រឹត្តក្នុងការជេរប្រមាថទៅលើពលរដ្ឋ ។ 

ក្នុងករណីនេះ យោងតាមប្រភពព័ត៌មានអាចជឿទុកចិត្តបាន គឺលោកស្នងការនគរបាលខេត្តសៀមរាប គាត់មានវិធានការរួចហើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print