ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦អណត្តិទី២ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ នៅសាលាខណ្ឌ សមាជិកក្រុមប្រឹក្សា ខណ្ឌព្រែកព្នៅស្នើឲ្យរដ្ឋបាលខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ចជួយទប់សស្កាត់នូវល្បែងសីុសង និងក្រុមក្មេងទំនើង បងតូចបងធំ ដែលតែងតែបង្កបញ្ហាមិនចេះចប់មិនចេះហើយក្នុងសង្កាត់គោករកាដែលកំពុងបន្តការលេង និងមានការឈ្លោះទាស់ទែងគ្នាឈានទៅដល់ការបង្កហិង្សានៅក្នុងមូលដ្ឋានផ្តល់ការលំបាកដល់ប្រជាពលរដ្ឋក្បែរខាងជារៀងរាល់ថ្ងៃ។
ការប្រជុំក្រុមប្រឹក្សាខណ្ឌព្រែកព្នៅនោះ មានការចូលរួមដោយ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សា លោកជា ខេមម៉ា អបាលរងខណ្ឌ លោកស្រី សួន ចាន់ណារី អភិបាលរង លោក ទូច សាលីម អភិបាលរង រួមនឹងមន្ត្រីសាលាខណ្ឌ សមាជិកសមាជិកា កងកម្លាំងអាវុធហត្ថ និង នគរបាលខណ្ឌ ប្រធានភូមិចៅសង្កាត់ទាំង៥ផងដែរ។
ក្នុងនោះផងដែរ សមាជិកខណ្ឌបានស្នើឲ្យលោក ស៊ូ សីុវុត្ថា ប្រធានការិយាល័យភូមិបាលខណ្ឌជួយសម្រួលដល់ប្រជាពលរដ្ឋដែលរស់នៅភូមិស្វាយចេក សង្កាត់គោករកា ដោយមានក្រុមជនខិលខូចមកឃោសនាប្រជាពលរដ្ឋថាដីទាំងនេះជាកម្មសិទ្ធិរបស់ក្រុមឈ្មួញដែលបានទិញពីប្រជាពលរដ្ឋនាពេលកន្លងមក។
លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យភូមិបាលខណ្ឌព្រែកព្នៅមានប្រសាសន៍បំភ្លឺក្នុងអង្គប្រជុំថា បញ្ហារឿងដីដែលប្រជាពលរដ្ឋកំពុងតែរស់នៅក្នុងភូមិស្វាយចេកនោះ គឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់នៅទីនោះ ហើយខាងភូមិបាលបានធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីចែកជូនដល់ពួកគាត់នៅទីនោះរួចរាល់ផងដែរ តែដោយឡែកនៅតែ៣គ្រួរសារទៀតតែប៉ុណ្ណោះដែលមិនបានធ្វើប័ណ្ណជូនពួកគាត់ ពីព្រោះពួកគាត់ទើបតែទិញបន្តពីគេ។ លោកស៊ូ សីុវុត្ថាបន្តថា ប្រជាពលរដ្ឋនៅក្នុងភូមិស្វាយចេក សង្កាត់គោករកា គឺត្រូវបានខាងភូមិបាលចែកប្រគល់ដល់ដៃប្រជាពលរដ្ឋរួចរាល់ហើយដែរ។ លោកបញ្ជក់ថា ចំពោះការលើកឡើងនៅក្នុងអង្គប្រជុំថា ប្រជាពលរដ្ឋនៅមិនទាន់បានទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីនោះគឺមិនពិតដូចដែលសមាជិកក្រុមប្រឹក្សាលើកឡើងនោះទេ។
លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សានិងបង្កើតឲ្យមានមូនិធិសមាគម មរណៈសង្គ្រោះ ថ្នាក់ខណ្ឌ សង្កាត់ បន្ថែមលើមូនិធិសមាគម មរណៈសង្គ្រោះថ្នាក់រាជធានីមួយផ្សេងទៀតសម្រាប់មន្ត្រីខណ្ឌព្រែកព្នៅទាំងមូល ដើម្បីជួយសម្រួលដល់ការមានបញ្ហាផងដែរ។ លោក ម៉ៅ បូរ៉ាប្រធានក្រុមប្រឹក្សាខណ្ឌបានសុំឲ្យសមត្ថកិច្ចជួយធ្វើ និងផ្តល់អត្តសញ្ញាណប័ណ្ណដល់ប្រជាពលរដ្ឋឲ្យបានឆាប់ ពីព្រោះប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវបោះឆ្នោត ត្រូវនាំគ្នាទៅចូលរួមធ្វើអត្តសញ្ញាណប័ណ្ណ និងចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា។
ទីបញ្ចប់លោកស្រី សួន ចាន់ណារី អភិបាលរងខណ្ឌបានសំណូមពរដល់សមាជិកក្រុមប្រឹក្សាទាំងអស់មេត្តាជួយពន្លឿនដល់ការចុះជួយស្រង់ស្ថិតិប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកព្នៅឲ្យបានឆាប់ ដើម្បីជួយសម្រួលដល់ការចុះបញ្ជីររបស់សាលាខណ្ឌក៏ដូចជាការចូលរួមចុះបញ្ជីបោះឆ្នោតផងដែរ៕
ដោយ៖ ព្រែកជ័យ