ភ្នំពេញ៖ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថជាមួយនឹងក្រុមការងារវិទ្យុក្នុងស្រុកបានទៅរំដោះ បន្ទាប់ពីទទួលដំណឹងពីអ្នកជិតខាង ថារូបគេបានរងនូវការវាយធ្វើបាបយ៉ាងឃោឃៅពីជីដូនមានវ័យចំណាស់ ប៉ុន្តែចិត្តអប្រិយសាហាវយង់ឃ្នង មិនបានគិតពីសីលទាន បែរជាសាងបាបកម្មជាមួយនឹងចៅស្រីបង្កើតទៅវិញ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅជិតផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចនិងក្រុមការងារខាងវិទ្យុបាននាំយកកុមារី អាយុ៦ឆ្នាំ ឈ្មោះជីង ទៅសាកសួរ និងជួយការពារបញ្ចៀសពីការធ្វើបាបដោយជីដូនចិត្តភ្លើងនេះ។
អ្នកជិតខាងនិយាយថា ក្មេងស្រីខាងលើត្រូវបានជីដូនបង្ខាំងទុកនៅក្នុងផ្ទះជាច្រើនឆ្នាំ វាយធ្វើបាបរហូតដល់មានស្នាមជាំពេញមុខមាត់ និងដងខ្លួន។
គួររំលឹកថា ហេតុអ្វីក៏ជីដូនដែលមានវ័យចំណាស់ សមនឹងរកធម៌អារ្យបែរជាមិនសាងអំពើល្អ មកចងគំនុំជាមួយចៅបង្កើតរបស់ខ្លួនដោយអំពើឃោឃៅទៅវិញ។ ដូច្នេះសមត្ថកិច្ចគួរតែមានវិធានការតាមនីតិវិធី ដើម្បីជួយរំដោះក្មេងស្រីរងគ្រោះឲ្យរួចផុតពីកណ្តាប់ដៃជីដូនចិត្តខ្មៅរូបនេះ៕
ដោយ៖ សុខ ខេមរា