ភ្នំពេញ ៖ បន្ទាប់ពីផ្សព្វផ្សាយញុះញង់ដោយអគតិ ដើម្បីរារាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោ ប្រឆាំងនឹងផលប្រយោជន៍ជាតិនិងប្រជាជនហើយនោះនៅពេលនេះ ទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាម បានបន្តញុះញង់ជាថ្មីម្តងទៀត មកលើកងយោធពលខេមរភូមិន្ទ ដោយបានបំភ្លៃលើករណីផ្ទុះគ្រាប់នៅក្នុងយោធភូមិភាគទី៣ ផ្ទុយពីការពិតជាក់ស្តែង ក្នុងគោលដៅបម្រើនយោបាយក្បត់ជាតិរបស់ខ្លួន។
ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិប្រកាសច្រាន ចោលទាំងស្រុងទៅនឹងសារបំផ្លើសខុសពីការពិតប្រឌិតមួលបង្កាច់លើបណ្តាញសង្គមរបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៉ី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងចេតនាបង្កភាពវឹកវរដល់សន្តិសុខសង្គម ដូចដែលទណ្ឌិតរូបនេះតែងតែញុះញង់ បំផ្លិចបំផ្លាញ ប្រឆាំងចំពោះសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិកន្លងមក។
កងយោធពលខេមរភូមិន្ទ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយស្មោះស្ម័គ្រ ប្តូរផ្តាច់ការពារជាតិ សាសនា ព្រះ មហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ មិនឱ្យមានជនអគតិណា មករំលោភបំពានបានជាដាច់ខាត ហើយកងយោធពលខេមរភូមិន្ទបានត្រៀមខ្លួនជានិច្ចក្នុងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវ ដើម្បីធានានូវសន្តិភាព ស្ថិរភាព និងនិរន្តរភាពនៃការអភិឌ្ឍជាតិ។ ដូច្នេះទណ្ឌិត សម រង្ស៉ី គួរតែបញ្ឈប់ការស្រមើលស្រមៃដ៏ឆ្កួតលីលារបស់ខ្លួនតទៅទៀត៕