ភ្នំពេញ៖ ប្រជាពលរដ្ឋបានធ្វើការរិះគន់ ចំពោះអាជ្ញាធរ និងស្ថាប័នដែលពាក់ព័ន្ធ ថា មិនបានរៀបចំសណ្តាប់ធ្នាប់ឲ្យមាន របៀបរៀបរយនៅតាមចិញ្ចើមផ្លូវដោយ អនុញ្ញាតឲ្យមានការតាំងគ្រឿងសំណង់និងលក់អីវ៉ាន់ផ្សេងៗដាក់លក់លយចេញមកលើចិញ្ចើមថ្នល់រកដើរមិនរួចដើម្បីតែផល ប្រយោជន៍ខ្លួនឯងមិនគិតពីសណ្ដាប់ធ្នាប់ និងសោភណភាពទីក្រុងឡើយ ។
បើយើងធ្វើដំណើរតាមផ្លូវលេខ១០៧ (សុកហុក) យើងនឹងបានឃើញការដាក់តាំងលក់គ្រឿងសំណង់យ៉ាងអនាធិបតេយ្យលយចេញមកលើចិញ្ចើមផ្លូវតែម្តង ហើយទីតាំងទាំងនេះស្ថិតនៅក្នុងសង្កាត់ចំនួនពីរ គឺសង្កាត់អូរឫស្សី១ និងសង្កាត់អូរឫស្សី៤ ក្នុងខណ្ឌ៧មករា ។ សកម្មភាពរំលោភយក ចិញ្ចើមផ្លូវសុកហុកនេះមិនមែនទើបតែកើតមានម្តងនេះទេ គឺមានយូរណាស់មក ហើយ ។
សកម្មភាពទាំងនេះធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំចំពោះម្ចាស់អាជីវកម្ម ដែលបានយកចិញ្ចើមផ្លូវ និងចំណីផ្លូវធ្វើជាកម្មសិទ្ធិនេះដែលធ្វើឲ្យអ្នកដំណើរថ្មើរជើង មិនមានចិញ្ចើមផ្លូវសម្រាប់ពួកគាត់ធ្វើ ដំណើរ គឺពួកគាត់ត្រូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តងដែលងាយបង្កគ្រោះថ្នាក់ជាយហេតុ ដល់ពួកគាត់ ហើយម៉្យាងវិញទៀត វាបង្កឲ្យមានការកកស្ទះចរាចរណ៍ដោយសារតែ មានរថយន្ត មកចតដាក់អីវ៉ាន់ផងដែរ ។
អ្នកធ្វើដំណើរនិងប្រជាពលរដ្ឋនៅតំបន់នោះដែលពួកគាត់មានការទើសភ្នែកទើស ច្រមុះពេកបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា អាជ្ញាធរខណ្ឌ៧មករារួមទាំង ស្ថាប័នពាក់ព័ន្ធមិនបានយកចិត្ដទុកដាក់ថែ រក្សាសោភណភាពនិងថែរក្សាហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវឱ្យបានល្អនោះទេ ។
នេះក៏ជាទង្វើមួយដ៏អាក្រក់របស់អាជីវករលក់គ្រឿងសំណង់នៅតាមផ្ទះដែរ ហេតុ ដូច្នេះហើយ ពួកគាត់សូមឱ្យអាជ្ញាធរខណ្ឌ ៧មករាជួយដើរមើលផង កុំទុកឲ្យនៅបែបនេះទៀតអីវាធ្វើឲ្យប៉ះពាល់ខ្លាំងណាស់ ៕
ដោយ៖ ជ្រោយពេជ្រ