ខេត្តសៀមរាបៈនៅរសៀលថ្ងៃទី២២ កក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញអធិបតីជួបសួរសុខទុក្ខសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំសង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តសៀមរាបមុននឹងសម្តេចអញ្ជើញបន្តដំណើរទៅខេត្តកំពង់ធំនៅព្រឹកថ្ងៃស្អែក។ សម្តេចមានប្រសាសន៍ថាៈ ច្បាស់ណាស់ ប្រទេសជាតិដែលរីកចម្រើនទៅបានគឺជាប្រទេសដែលគ្មានសង្រ្គាម និងគ្មានការលាបពណ៌គ្នា។
សម្តេចបន្តថាៈ បើយើងក្រឡេកមើលពីអតីតកាលបន្តិច ខេត្តសៀមរាបក៏ជាទីសមរភូមិសង្រ្គាមស៊ីវិល ហើយគ្មានភ្ញៀវទេសចរណ៌បរទេសណាមកលេង ឬអ្នកវិនិយោគិនណាហ៊ានមក ជាពិសេសក្រុមហ៊ុនសណ្ឋាគារ និងអាកាសចរណ៌ណាមកបណ្តាក់ទុននៅទីនេះទេ។ តែពេលនេះ សៀមរាបកំពុងរីកចម្រើន ដែលយើងឃើញមានសណ្ឋាគារ និងផ្ទះសំណាក់រាប់រយ និងជើងហោះហើរជាច្រើនដឹកជញ្ជូនភ្ញៀវទេសចរណ៌ចុះឡើងជារៀងរាល់ថ្ងៃ។ ពេលនេះទាំងក្រុមហ៊ុនក្នុងស្រុក និងបរទេសមានការកក់ក្តៅនិងជំនឿទុកចិត្តលើករាដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគនៅក្នុងប្រទេសដែលទាក់ទាញទេសចរណ៌រាប់លាននាក់ក្នុងមួយឆ្នាំៗ។
ទន្ទឹមនឹងការរីកចម្រើន ខ្ញុំសូមរំលឹកមន្រ្តីរាជការទូទាំងខេត្ត ត្រូវតែខិតខំលុបបំបាត់ភាពអសកម្ម ការថ្នាំថ្នាក់ផ្សេងៗជាមួយប្រជាពលរដ្ឋ ហើយត្រូវជំរុញសេវាកម្មសាធារណៈ និងសេវាតម្រូវការចាំបាច់នានាជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ឋភាព និងការទទួលខុសត្រូវខ្ពស់។ ខេត្តសៀមរាបមានបេតិ កភ័ណ្ឌវប្បធម៌ជាតិច្រើនណាស់ ដូច្នេះយើងត្រូវចូលរួមការថែរក្សាការពារអោយបានល្អគង់វង្ស។
ខ្ញុំនឹងបន្តចុះពិនិត្យសមិទ្ឋផលជាតិ និងស្វែងរកដំណោះស្រាយសមស្របនានាជូនប្រជាពលរដ្ឋយើងនៅតាមបណ្តាខេត្តផ្សេងៗទៀត។ ទន្ទឹមនិងនេះ ខ្ញុំសូមកោតសរសើរការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការយើង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសូមជូនពរបងប្អូនមន្រ្តីរាជការជួបប្រទះតែសេចក្តីសុខកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ សីលា