ខេត្តកណ្តាល៖ ក្មេងប្រុសម្នាក់ត្រូវបានរថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនដឹកជញ្ជូន រុនមករា បុកបណ្តាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវ២១អា ស្ថិតក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តដឹកខ្សាច់របស់ក្រុមហ៊ុនដឹកជញ្ជូន រុនមករា(ហៅម៉ាប) ម៉ាកវង់ហ្គោល ពណ៌ខៀវ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏មានក្មេងប្រុសម្នាក់ឈ្មោះភារ៉ា សត្យា អាយុ៣ឆ្នាំ មានឪពុកឈ្មោះរិន ភារ៉ា អាយុ៣២ឆ្នាំ និងម្តាយឈ្មោះថាច សារ៉ាត អាយុ៣០ឆ្នាំ មុខរបរជាកសិករ មានទីលំនៅភូមិលេខ២ កន្លែងកើតហេតុ បានរត់ឆ្លងផ្លូវពីជើងមកត្បូងធ្វើឲ្យអ្នកបើកបររថយន្តគេចមិនទាន់ក៏បានបុកបណ្តាលឲ្យដួររងរបួសធ្ងន់តែម្តង។ កុមាររងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន កែវសាន្ត ប៉ុន្តែត្រូវបានស្លាប់ខណៈមុខរបួសមានភាពធ្ងន់ធ្ងរ។ អ្នកបើកបររថយនត្តបង្កហេតុបានរត់គេចខ្លួន ដោយឡែករថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីដោះស្រាយជាក្រោយតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាង ជ័យ