ខេត្តបាត់ដំបង ៖ ស្នងការដ្ឋានខេត្តបាត់ដំបង និងក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងមានកិត្តិយសជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នាប៉ុន្មានម៉ោងកន្លងទៅនេះឃេីញមានការបង្ហោះរូបភាពជាវីដេអូអំពីរឿងទំនាស់មួយក្នុងគណនីហ្វេសប៊ុកឈ្មោះ Chhon Voeun ដែលក្នុងនោះឃេីញមានការជេរប្រមាថដោយបុរសទៅលេីស្រ្តីស្ទេីរតែក្លាយជាអំពេីហិង្សាទៅហេីយ។
ក្នុងជម្លោះនេះឃេីញមានវត្តមានរបស់មន្រ្តីនគរបាលប៉ុស្តិ៍ពាមឯក នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំស្ថិតនៅទីនោះ ប៉ុន្តែមិនឃេីញមាន កិច្ចអន្តរាគមន៍អ្វីសោះ ហេីយទិដ្ឋភាព នេះបានបង្កឱ្យមានការរិះគន់ពីមហាជន អ្នកប្រេីប្រាស់បណ្តាញសង្គមចំពោះមន្រ្តីនគរបាល។
ឃេីញសកម្មភាពបែបនេះក្រុមការងារបានរាយការ ណ៍ជូនលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងខណៈដែលលោកកំពុងធ្វេីដំណេីរវិលត្រឡប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) លើកទី១ រវាងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៏ ជាមួយបញ្ជាការដ្ឋាន យោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា នាប៉ុន្មានថ្ងៃកន្លងទៅនេះ។
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ ឱ្យហៅមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល មកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកនិងអន្តរាគមនឱ្យស្ត្រីដែលទទួលរងនូវការជេរប្រមាថពីសំណាក់បុរសខាងលេី មកដាក់ពាក្យបណ្តឹងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ជាមួយនេះលោកឧត្តមសេនីយ៍ទោស្នងការ ក៏សូមការអធ្យាស្រ័យចំពោះមហាជន ក៏ដូចអ្នកសារព័ត៌មាន ក្នុងការទំនាក់ទំនង មកលោកតាមរយៈទូរស័ព្ទត្បិតកិច្ចប្រជុំនៅក្រៅប្រទេសមិនអាចធ្វេីការទំនាក់ទំនងបាន។
ដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នក សារព័ត៌មាននិងអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន ៕