លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរតំណែងប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញផ្តល់កិត្តិយសចូលរួមជាអធិបតីក្នុងពិធីប្រកាសផ្ទេរតំណែងប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោកស្រីអ្នកឧកញ៉ា លោក លោកស្រី តំណាងក្រសួងស្ថាប័ន ព្រមទាំងសិល្បករ សិល្បការិនីសរុបជាង៦០០នាក់។

ថ្លែងក្នុងឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងនាមជាអាណាព្យាបាលសម្រាប់អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ ខ្ញុំពិតជាមានសេចក្តីរីករាយដោយឃើញអំពីការរួបរួមជាធ្លុងមួយរបស់អ្នកសិល្បៈទាំងអស់ដើម្បីបម្រើអាជីពខ្លួនផង ដើម្បីបម្រើសង្គមផង និងដើម្បីបម្រើសិល្បៈដ៏ថ្លៃថ្លារបស់ជាតិផង។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំដ៏ល្អរបស់លោកស្រី ចន ច័ន្ទលក្ខិណា ដែលបានធ្វើឲ្យសមាគមសិល្បករខ្មែរក្លាយជាតំណាងនៃការរួបរួមសិល្បៈជាតិ ហើយខ្ញុំសង្ឈឹមថា លោកជំទាវនឹងបន្តរួមចំណែកផ្តល់ការជួយជ្រោមជ្រែងសមាគមនេះ និងជារៀមច្បងគំរូដល់យុវជនជំនាន់ក្រោយ។ ជាមួយនេះ ខ្ញុំក៏សូមអបអរសារ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលទទួលបាននូវតួនាទីថ្មីបន្ថែមទៀត និងសូមជូនពរឲ្យទទួលបានជោគជ័យក្នុងការដឹកនាំសមាគមសិល្បករខ្មែរឆ្ពោះទៅរកទំព័រថ្មី នៃភាពសកម្មរបស់សមាគម។ 

សូមបញ្ជាក់ជូនថា ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ បានរៀបចំធ្វើនៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតជាសិល្បករសិល្បការិនីជាង៦០០នាក់ តំណាងសិល្បករទូទាំងប្រទេស បានបោះឆ្នោតគាំទ្រ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន លើសំឡេង ៩៣ភាគរយ នៃសំឡេងឆ្នោតសរុប ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print