តាកែវ ៖ ជនសង្ស័យ០២នាក់ដែលជាបងប្អូនបង្កេីតនិងគ្នា ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ ធ្វេីការឃាត់ខ្លួនវេលាម៉ោង១៩ :៤០នាទី ថ្ងៃពុធ៨រោច ខែចេត្រ ឆ្នាំរោង ឆស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីពួកគេដើរតាមដងផ្លូវប្រដាប់ដោយកាំបិតក្រង៉ុកចំនួន០១ដើម និងឆែកឃេីញមានប្រដាប់កាច់សោ(ក) ម៉ូតូចំនួន០១ដើមផងដែរ ។ នេះបេីយោងតាមប្រភពពីមន្ត្រីជំនាញ នៃអធិការដ្ឋាននគរបាលស្រុកគីរីវង់ ដែលក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្កន ទទួលបាននាល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ។
គួរបញ្ចាក់ថា កម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងអន្ត រាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានចេញល្បាតតាមគោលដៅពិសេសៗ ក៏បានប្រទះឃើញយុវជន០២ នាក់មានការសង្ស័យបានដើរតាមដងផ្លូវប្រដាប់ដោយកាំបិតក្រង៉ុកចំនួន០១ដើម ។ ក្រោយពីបានឃើញ ក្រុមជំនាញបានក៏ហៅឃាត់សួរនាំ និងឆែកឆេរលើយុវជនទាំង២នាក់នោះ ក្នុងនោះឈ្មោះ សន ភត្រា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ (ជាអ្នកកាន់កាំបិតក្រង៉ុកផ្ទាល់) ហើយក្នុងហោប៉ៅជនសង្ស័យមានប្រដាប់កាច់សោ(ក) ម៉ូតូចំនួន០១ដើម ព្រមទាំងមានសោម៉ូតូចំនួន០១ ។ ចំណែកម្នាក់ទៀតឈ្មោះ សន សម្ផស្ស ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ (ត្រូវជាបងបង្កើតរបស់ឈ្មោះ សន ភត្រា) មានទីលំនៅភូមិ/ឃុំ.ផ្ទះជាមួយគ្នា(អ្នកទាំងពីរនៅលីវ) ។ ដោយបាន ឃើញមានវត្ថុតាង និងអាវុធខុសច្បាប់(កាំបិតក្រង៉ុក)នៅជាប់ខ្លួនជនសង្ស័យ កម្លាំងជំនាញបានខលសុំយោបល់ពីលោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ និងមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតីវិធីច្បាប់ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវទេីបសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនក្រុមជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា៖ ជនសង្ស័យឈ្មោះ សន ភត្រា បានឆ្លើយសារភាពថាខ្លួនធ្លាប់បានឆបោកម៉ូតូពីមិត្តភក្តិ នឹងអ្នកជិតខាងចំនួន០៤លើក និងម៉ូតូ០៤គ្រឿង មកហើយ ៕ដោយ ៖ ភារ៉ា ដង្កោ