ខេត្តកំពង់ស្ពឺ ៖ អនុវត្តតាមបទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោកដើម្បីឆ្លើយតបនូវសេចក្ដីត្រូវការចាំបាច់របស់ប្រមុខរដ្ឋរាជរដ្ឋាភិបាល នៅទីបញ្ជាការកងពលតូចដឹកជញ្ជូន៩០ នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោកមេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ ៩០ បានដាក់បទបញ្ជាដល់គ្រប់កងឯកភាពជំនាញ ចំណុះកងពល ត្រៀមរថយន្តចំនួន ៩០គ្រឿងនិងកងកម្លាំងចំនួន ១៨០ នាក់ ដើម្បីបំពេញបេសកកម្មដឹកទឹក ផ្ដល់ជូនប្រជាជនដែលកំពុងខ្វះខាតទឹកដោយធាតុអាកាសមានសភាពរាំងស្ងួតអូសបន្លាយជាយូរ ។
លោកឧត្តមសេនីយ៍ទោ ឈរ សុខ បានសង្កត់ធ្ងន់ថាយើងទាំងអស់គ្នាជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ មានតួនាទីនិងភារកិច្ច ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត ការពាររាជរដ្ឋាភិបាល បម្រើប្រជាជន គ្រប់កាលៈទេសៈពេលប្រជាជនជួបប្រទះ នូវការលំបាកឱ្យទាន់សភាពការណ៍ ។
នៅទីបញ្ចប់ លោកឧត្តមសេនីយ៍ទោ ឈរ សុខបានផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ អនុវត្តឱ្យបានសម្រេចភារកិច្ចដែលអង្គភាពប្រគល់ជូន ៕