ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះថា មានជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញធ្វេីការស្រាវជ្រាវឃាត់ខ្លួនពីបទគំរាមបង្ហោះរូបភាពអាក្រាតកាយ ប្រើអំពើហិង្សា គំរាមសម្លាប់ និងគំរាមយកលុយ ។
ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងការងារយេនឌ័រ បានចាត់ឱ្យលោកនាយការិយាល័យ ហាក់ លី ដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវបង្ក្រាបករណីគំរាមបង្ហោះរូបភាពអាក្រាតកាយ ប្រើអំពើហិង្សា គំរាមសម្លាប់និងគំរាមយកលុយ រហូតឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ប្រព្រឹត្តនៅចំណុចផ្ទះជួល ក្នុងភូមិ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។
ជនសង្ស័យខាងលេីមានឈ្មោះ សុខគា ឡៃសៀ ភេទប្រុស ស្នាក់នៅផ្ទះជួលក្នុងភូមិ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បច្ចុប្បន្ននេះ ជនសង្ស័យរូបនេះត្រូវបានកម្លាំងការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ ៖ ភារ៉ា ដង្កោ