ខេត្តមណ្ឌលគិរី÷ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ក្រុមមន្ត្រីបរិស្ថានបានប្រកាសឃើញដំរីព្រៃញីមួយក្បាលជាប់ភក់នៅចំណុច
អូរក្រាក់ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងបរិវេណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច លឹម រ៉ូយ៉ាល់ ស្ថិតក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ក្រុមមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច បានសហការណ៍ជាមួយមន្ត្រីអង្គការWWFខេត្តមណ្ឌលគិរី ជួយសង្គ្រោះសត្វដំរីញី១ក្បាលនោះ ដោយយកគ្រឿង ចក្រស្ទួចលើកដំរីចេញពីភក់។
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រោយប្រទះឃើញដំរីជាប់ក្នុងផុងក្នុងភួកទឹកអូរក្រាក់ មន្ដ្រីជំនាញបរិស្ថាន ឧទ្យានុរក្ស, អង្គការ WWF, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងអាជ្ញាធរស្រុក បានសហការគ្នាអូសដំរីរងគ្រោះចេញពីភួក។
លោកអភិបាលខេត្តបានអះអាងថា បន្ទាប់ពីអូសចេញពីភក់ដែលជាប់ផុងនោះ មន្ដ្រីជំនាញមើលឃើញថា ដំរីខាងលើនេះរងរបួសបាក់ជើងខាងឆ្វេងធ្ងន់ធ្ងរ ហើយនៅ ពេលនេះកំពុងតែធ្វើការសង្គ្រោះព្យាបាល។ មន្ដ្រីជំនាញដាក់ការសង្ស័យថា ដំរីមួយក្បាលនេះទំនងជាដំរីដែលបាត់ចេញពីតំបន់កែវសីម៉ាកាលពីប៉ុន្មានថ្ងៃមុននេះ។
សេចក្តីរាយការណ៍បន្តថា ក្នុងពេលចុះប្រតិបត្តិការដឹក ជញ្ជូនសត្វដំរី១ក្បាល លើកចេញពីភក់ទៅដាក់កន្លែងមានសុវត្ថិភាព និងក្រុមការងារដាក់ចំណី និងទឹកឲ្យដំរីស៊ីនិងផឹកទឹក។ ក្រុមការងារក៏បានពិនិត្យឃើញថា ដំរីញីនេះមានស្នាមរបួសជើងមុខធ្ងន់ធ្ងរ បច្ចុប្បន្នគ្រូពេទ្យមកពីអង្គការសម្ពន្ធ័មិត្តសត្វព្រៃ កំពុងព្យាបាលបន្ថែម៕