ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃទី២ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យនានា រួមទាំងមហាជនស្ម័គ្រចិត្តចុះឈ្មោះជាអ្នកសង្កេតការណ៍ ព្រមទាំងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។
តាមការគ្រោងទុក ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ នៅថ្ងៃដដែលនេះ មានបេក្ខជនចូលរួមចំនួន ៩,៣៣៨នាក់ ដែលបានចែកចេញជា ២វេន លើវិញ្ញាសាពហុចម្លើយវប្បធម៌ទូទៅ និងមុខវិជ្ជាឯកទេស(ខ្មែរ-សីលធម៌ ពលរដ្ឋ) និង ២មណ្ឌល រួមមាន៖
សម្រាប់មណ្ឌលប្រឡង៖សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានបេក្ខជនចំនួន ៦,៧៥៤នាក់ ដែលវេនទី១ ចំនួន ៣,៣៤៩នាក់ និងវេនទី២ ចំនួន ៣,៤០៥នាក់។
សម្រាប់មណ្ឌលប្រឡង៖សាលាភូមិន្ទរដ្ឋបាល មានបេក្ខជនចំនួន ២,៥៨៤នាក់ ដែលវេនទី១ ចំនួន ១,២៩២នាក់ និងវេនទី២ ចំនួន ១,២៩២នាក់។នារសៀលនេះ ចែកចេញជា ២មណ្ឌល និង ២វេន ដែលប្រឡងលើវិញ្ញាសាសំណួរពហុចម្លើយពាក់ព័ន្ធនឹងវប្បធម៌ទូទៅ និងមុខវិជ្ជាឯកទេស ខ្មែរ-សីលធម ពលរដ្ឋ ប៉ុន្តែវិញ្ញាសាដាច់ដោយឡែកពីគ្នា៕ ដោយ ៖ ភារ៉ា ដង្កោ