ខេត្តស្វាយរៀង: លោក សៅ សុខា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តជួយដោះស្រាយនូវរាល់សំណើ សំណូមពរនិងសេចក្តីត្រូវការផ្សេងៗទៅតាមសភាពការណ៍ជាក់ស្តែងដែលមូលដ្ឋានជួបការខ្វះខាត ដោយក្នុងនោះមានទាំងការអភិវឌ្ឍលើគ្រប់វិស័យ មូលដ្ឋាននីមួយៗ។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី៤ខែឧសភាឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តការកិច្ចរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងពិធីប្រកាសបេក្ខជនក្រុមប្រឹក្សាស្រុក អាណត្តិទី៤ នៅសាលប្រជុំទីចាត់ការគណបក្សស្រុករមាសហែក។
ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល សមាជិកណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែកបានសម្តែងនូវការអរគុណចំពោះ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដែលកន្លងមកបានចំណាយទាំងពេលវេលា ធនធាន ថវិកា សម្ភារៈដោយមិនគិតពីការនឿយហត់ ខិតខំប្រឹងប្រែងរួមសហការ សាមគ្គីភាព ឯកភាពផ្ទៃក្នុងអនុវត្តតួនាទីភារកិច្ចប្រកបដោយភាព ម្ចាស់ការ ច្នៃប្រឌិតនឹងជម្នះនូវរាល់បញ្ហា ស្របតាមស្ថានភាព កាលៈទេសៈ ផែនការ ទិសដៅ ការងារចូលរួមយ៉ាងសកម្មលើគ្រប់សកម្មភាពគណបក្ស ចុះជួយនិងដោះស្រាយបញ្ហាផ្ទាល់តាម បណ្តាមូលដ្ឋានក្រុង ស្រុក ឃុំ នៅទូទាំងស្រុក ដែលធ្វើឲ្យគណបក្សសម្រេចបាននូវលទ្ធផល ការងារល្អប្រសើរជាច្រើនរួមទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំង ការងារចិញ្ចឹមចលនានៅមូលដ្ឋាន ការរក្សាបាននូវសន្តិភាព ស្ថិរភាព នយោបាយនិងសន្តិសុខ សុវត្ថិភាពនៅក្នុងភូមិសាស្ត្រស្រុក។
លោកបន្តថា ជាក់ស្តែងក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ពីលោក សៅ សុខា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ក៏ដូចជាលោក ម៉ែន វិបុល ប្រធានគណបក្សប្រជាជនខេត្តស្វាយរៀង និងលោកលោកស្រី សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងស្រុក បានខិតខំអនុវត្តនូវផែនការសកម្មភាពស្របតាមទិសដៅភារកិច្ចដែលបានកំណត់តាមដំណាក់កាលនីមួយៗ ដោយបានចុះធ្វើសកម្មភាពនានាជាច្រើនជួយសម្រួលជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក សៅ សុខា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែកបានលើកទិសដៅ ត្រូវបន្តពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងបក្សគ្រប់ថ្នាក់ ពីស្រុករហូតដល់មូលដ្ឋានភូមិ ឃុំនីមួយៗបង្កើនការផ្សារភ្ជាប់រវាងអង្គការចាត់តាំងគណបក្សនឹងមន្ត្រីគណបក្សគ្រប់ថ្នាក់ជាមួយសមាជិកសមាជិកាគណបក្សនិងប្រជាជនគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋានពង្រីកអំពើល្អរបស់មន្ត្រីខិតខំសម្រេចរាល់ភារកិច្ចដើម្បីទទួលបាននូវការគាំទ្រមក លើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រធាន។
គណបក្សគ្រប់ថ្នាក់ ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីជ័យជម្នះនៃលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ នាថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០២៤ និងសមិទ្ធផលធំដែលជាស្នាដៃកសាងឡើងដោយគណបក្សប្រជាជនកម្ពុជានៅគ្រប់មូលដ្ឋាន៕ ដោយសុថាន