ខេត្តស្វាយរៀង: យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់និងរងរបួសធ្ងន់ម្នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនៅរសៀលថ្ងៃទី៤ខែឧសភាឆ្នាំ២០២៤នេះថា ករណីទី១បានកើតឡើងនៅវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី០៣ខែឧសភាឆ្នាំ២០២៤ លើផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ១២៥ និង១២៦ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ ពោធិ៍តាហោ ក្រុងស្វាយរៀង មានរថយន្តម៉ាក HYUNDAI TRACTOR HEAD ពណ៌ស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើតក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AO-៥០២០ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនិងអ្នករួមដំណើរក្នុង ទិសដៅពីកើតទៅលិចយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ បណ្ដាលអោយបុរសម្នាក់ស្លាប់ និងរងរបួសម្នាក់បង្កការភ្ញាក់ផ្អើលតែម្ដង។
ករណីទី២បានកើតឡើងនៅវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៣ខែឧសភា ឆ្នាំ២០២៤មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ កណ្តាល 1F-5450បើកបរដោយឈ្មោះ ពិន ដា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិល្បើក ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ធ្វើដំណើរពីជើងទៅត្បូង ហើយក៏បានធ្លាក់ជង្ហុក រេចង្កូតដួលបោកក្បាល ម្នាក់ឯងត្រូវបានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចនិងហៅបងប្អូនបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ប៉ុន្តែដោយរបួសធ្ងន់ពេក មកដល់ពាក់កណ្តាលផ្លូវក៏បានផុតដង្ហើមគួរអោយអាសូរ។
ក្រោយមកសពត្រូវបានសមត្តកិច្ចធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារ សពយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ ដោយសុថាន