អ្នកស្រុកអង្គរធំប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ យ៉ាងអធិកអធមដោយមានអ្នកចូលរួមច្រើនកុះករ តាមជំនឿដ៏ស័ក្តិសិទ្ធរបស់ខ្មែរយើង

ចែករំលែក៖

ខេត្តសៀមរាប ៖ ស្របពេលរដូវកាលធ្វើស្រែចម្ការចូលដល់ តែនៅពុំទាន់មានភ្លៀងនៅឡើយ មានអ្នកឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បានប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ ក្នុងបំណងបន់ឱ្យមានភ្លៀងធ្លាក់ឆាប់ៗ ដើម្បីពួកគាត់បានទឹកស្រោចស្រពផលដំណាំ ដាំដុះ ។

កិច្ចពិធីនេះធ្វើរយៈពេលមួយយប់ពីរថ្ងៃ ដោយរសៀលថ្ងៃទី១ មានពិធីប្រុងពាលី ពិធីបួងសួង ពិធីបញ្ជាន់រូប និងពិធីសូត្រមន្ត។ លុះដល់ព្រឹកស្អែក មានពិធីប្រគេនចង្ហាន់ព្រះសង្ឃ ពិធីរាប់បាត្រ និងពិធីប្រទក្សិណ៣ជុំដើម្បីចាក់ទឹកចូលក្នុងទ ដើម្បីបង្ហូរចេញពីអាងធំចូលទៅអាងតូចតាមទិសទាំង៤។ កំលុងពេលដើរប្រទក្សិណនោះក៏មានការចាក់ និងជះទឹកដាក់គ្នាយ៉ាងអធិកអធម ដែលជាការនិមិត្តថាមានភ្លៀងធ្លាក់មកមែន។
ចំពោះគ្រឿងរណ្ដាប់នៅក្នុងពិធីនេះរួមមាន បាយសី ស្លាធម៌ ក្បាលជ្រូក ទៀន ធូប បាយ សម្ល បង្អែម ផ្លែឈើ និងភេសជ្ជៈ។ អ្នកភូមិខ្លះ បានវេចខ្ចប់ម្ហូបអាហារ និងមកជាលក្ខណៈគ្រួសារដើម្បីចូលរួមក្នុងពិធី ប្រពៃណីមួយនេះ។ ពួកគេបង្ហាញទឹកមុខរីករាយឥតឧបមា និងរំពឹងថាភ្លៀងនឹងឆាប់បង្អុរឆាប់ៗ ក្រោយពិធីសុំទឹកភ្លៀងនេះចប់សព្វគ្រប់។
ពិធីនៅឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមច្រើន ក្នុងនោះមានអ្នកភូមិលាងដៃ ភូមិសំរោង ភូមិភ្លុង ស្រុកអង្គរធំ និងមានអ្នកក្រៅពីតំបន់ក្បែរនោះចូលរួមផងដែរ។ ពិធីនេះសបញ្ជាក់ថា កសិកម្មនៅតែជាវិស័យយ៉ាងសំខាន់របស់អ្នកស្រុក ទោះជាវិស័យទេសចរណ៍កំពុងរីកចម្រើនក៏ដោយ។ អ្នកស្រុកធ្វើស្រែចម្ការនៅពឹងជាសង្ឃឹមលើទឹកភ្លៀងនៅទ្បើយ។
ជាពិសេសនាឆ្នាំនេះ ការរាំងស្ងួតនិងកម្ដៅចេះតែបន្តច្រើនអាទិត្យទៀត អ្នកស្រុករឹតតែចូលរួមប្រារព្ធពិធីសុំទឹកភ្លៀងនេះ យ៉ាងច្រើនកុះករ។ ជាទូទៅប្រជាពលរដ្ឋរស់នៅតំបន់អង្គរ តែងប្រារព្ធពិធីនេះរៀងរាល់ឆ្នាំពីដូនតាមក តាមរបៀបមានទម្រង់ផ្សេងៗទៅតាមតំបន់ ដែលពួកគេរស់នៅ ។
សូមជម្រាបជូនថា ៖ កម្ពុជា ជាប្រទេសអំណោយផលខាងកសិកម្ម។ កាលដើមឡើយ ប្រជាកសិករខ្មែរប្រកបរបរស្រែចំការ គឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើទឹកភ្លៀង។ កាលណាមានភ្លៀងធ្លាក់គ្រប់គ្រាន់ ទៀងទាត់តាមរដូវកាលនោះ ការភ្ជួររាស់ សាបព្រោះ តែងតែដំណើរការបានល្អ។ ផ្ទុយទៅវិញ បើចូលដល់រដូវវស្សាហើយ ភ្លៀងបែរជាមិនបង្អុរចុះតាមកាលកំណត់ ឬមានភ្លៀងតិចតួច ឬយឺតពេលនោះ ធ្វើឱ្យការងារធ្វើស្រែចំការត្រូវរអាក់រអ៊ួ ឬរាំងស្ទះ។
ដោយហេតុនេះ កាលបើដល់ខែជេស្ឋ ឬអាសាឍហើយនៅតែបន្តរាំងស្ងួតហួតហែងនោះ ប្រជាកសិករតែងតែភិតភ័យ ហើយគេនាំគ្នាទៅពិគ្រោះសុំយោបល់ពីចាស់ព្រឹទ្ធាចារ្យក្នុងស្រុក។ មេបាចាស់ស្រុកណែនាំថា តាំងពីយូរលង់ណាស់មកហើយ កាលណាបានជួបនឹងគ្រោះរាំងស្ងួត ក្នុងរដូវភ្លៀងដូច្នេះ គេនាំគ្នាប្រារព្ធពិធីបួងសួង បន់ស្រន់សុំទឹកភ្លៀង ។ តែទោះជាពិធីបន់ស្រន់បួងសួងសុំទឹកភ្លៀងនេះមានទម្រង់ខុសប្លែកគ្នា ខ្លះៗទៅតាមនិគម តំបន់ ជនបទ ស្រុក ខេត្ត យ៉ាងណាក្តី ក៏គេតែងតែមានពិធីដោយឡែករបស់គេជាដរាប ។
យោងតាមសៀវភៅ «កម្រងឯកសារស្តីពីប្រពៃណីនិងទំនៀមទម្លាប់ខ្មែរ» រៀបរៀងដោយព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ បង្ហាញពីពិធីបន់ស្រន់បួងសួងសុំទឹកភ្លៀង នៅភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ដើម្បីបានដឹងអំពីទិដ្ឋភាព ខ្លះៗ នៃប្រពៃណីទំនៀមទម្លាប់ខ្មែរយើង ។
ពិធីបុណ្យសុំទឹកភ្លៀងនៅទួលអ្នកតាត្រពាំងក្រពើ៖តាំងពីបុរាណរៀងមក ចាស់ទុំក្នុងស្រុកបានកំណត់យកថ្ងៃណាមួយនៃខែជេស្ឋ ដើម្បីប្រារព្ធពិធីសុំទឹកភ្លៀង ។ លុះដល់ថ្ងៃកំណត់ហើយ ប្រជាកសិករចំនួននពីរ ឬបីភូមិដែលនៅជិតខាងទួលអ្នកតានោះ បានស្រុះស្រួលមូលមតិគ្នាធ្វើបុណ្យបន់ស្រន់ បួងសួង សុំទឹកភ្លៀងនៅទួលអ្នកតាត្រពាំងក្រពើ ។ នៅទីនោះក្រោមកិច្ចចាត់ចែងរបស់ចាស់ស្រុកម្នាក់ គេបាន សង់ រោងបុណ្យ នៅទិសខាងកើតចំពីមុខរោងបុណ្យ ។ រានទេព្តាប្រាំបីទិស បានសង់ឡើងតាមជ្រុង ឬមុំ ដែលក្នុងនោះ គេបានរៀបចំជាស្លាធម៌ ទៀនប្រាំ ធូបប្រាំ បូជាទេព្តារក្សាទឹកដី។ នៅក្នុងបរិវេណគេពូនភ្នំខ្សាច់ចំនួនប្រាំបី ដែលនៅពីលើនោះគេដោតទង់ជ្វាលាចម្រុះពណ៌ មានដោតទៀន ធូប អុជឆេះបញ្ចេញផ្សែងហុយទ្រលោម ។
នៅចន្លោះភ្នំខ្សាច់ទាំងនោះ គេជីកស្រះប្រាំបី (កាលណាពិធីបុណ្យនេះធ្វើឡើង ដើម្បីបន់ស្រន់បួងសួងសុំទឹកភ្លៀង ទើបគេជីកស្រះដាក់ត្រីក្រាញ់) ក្នុងនោះគេដាក់ត្រីក្រាញ់ឱ្យហែលទឹករវិចៗ។ នៅរាត្រី គេមានចាត់ចែងកម្មវិធីចម្រើនព្រះបរិត្តសម្តែងធម៌ទេសនាគ្រែបី ហើយនៅចុងបញ្ចប់ មានលេងសិល្បៈយីកេកំដរបុណ្យរហូតទល់ភ្លឺ ។
ចង្ហាន់ដែលប្រគេនព្រះសង្ឃក្នុងពិធីបុណ្យនោះ នៅព្រឹកថ្ងៃបន្ទាប់ពុំមានរៀបចំចាត់ចែងជាសម្ល ឬម្ហូបអាហារដូចធម្មតាឡើយ គឺមានសុទ្ធតែសម្លបួស បាយបួស (បាយបួស គឺបាយដំណើបលាយដូងទុំ ឯសម្លបួស គឺសម្លធម្មតាបង់តែខ្ទិះដូងទុំឥតមានត្រីសាច់ទេ) ។ ព្រះសង្ឃនិងឧបាសក ឧបាសិកា ដែលចូលរួមក្នុងពិធីបុណ្យបួងសួងសុំទឹកភ្លៀងនេះត្រូវឆាន់ និងបរិភោគបាយសម្ល របៀបនេះទាំងអស់គ្នា តាមប្រពៃណីទំនៀមទម្លាប់ដែលធ្លាប់ធ្វើយ៉ាងនេះ តាំងពីយូរលង់ណាស់មកហើយ។

ដោយឡែកអ្នកសៀមរាប នៅស្រុកអង្គរធំប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ យ៉ាងអធិកអធមដោយមានអ្នកចូលរួមច្រើនកុះករ តាមជំនឿដ៏ស័ក្តិសិទ្ធរបស់ខ្មែរយើង ធ្វើតាមតំបន់ផ្សេងៗគ្នា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print