ភ្នំពេញ៖ កាលពីដើមឆ្នាំនេះតារាកំប្លែងស្រីល្បីឈ្មោះនាង សេន ចិន្តា ហៅអ៊ីត បានផ្ទុះចេញដំណឹងលែងលះប្តីផ្អើលអស់មហាជន។ មិនទាន់បានប៉ុន្មានខែផងស្រាប់តែលេចចេញដំណឹងថា នាងបានបង្កាត់ភ្លើងស្នេហ៍ថ្មីជាមួយបុរសម្នាក់ក្នុងចង្កោមសិល្បៈទៅវិញ ប៉ុន្តែការលើកឡើងនេះត្រូវបាននាងច្រានចោល។
ក្រោយប្តីសុំលែង នាងអ៊ីត បានសុខចិត្តទទួលយកកូនស្រីវ័យ១៣ឆ្នាំម្នាក់មកចិញ្ចឹមជាថ្នូនឹងការផ្តល់ឲ្យអតីតស្វាមីនូវទ្រព្យសម្បត្តិមួយចំនួនធំទាំងរថយន្តពីរគ្រឿង គ្រឿងអលង្កា ជាដើម។ ក្រោយលែងលះគ្នាក្រោមសាលក្រមតុលារខេត្តកំពង់ស្ពឺមក នាងអ៊ីត កាន់តែស្រស់ស្អាតជាមុនច្រើនដែលអ្នកខ្លះលាន់មាត់ថា មើលសឹងមិនស្គាល់ ។ ក្រៅពីសម្រស់ឡើងក្រឺតៗ ថ្មីៗនេះអ្នកមេម៉ាយចាយរាងរូបនេះក៏បានបង្កើតឲ្យគេភ្ញាក់ជាមួយនឹងការសាងសង់របងផ្ទះនាងនៅស្រុកកំណើតយ៉ាងស្កឹមស្កៃ ជាមួយនឹងការប្រកាសចេញគម្រោងសាងសង់វីឡាប្រណីតនៅលើទឹកដីកំណើតនាស្រុកគងពិសីផងដែរ។ ចុងក្រោយនេះនាងត្រូវបានអ្នកសិល្បៈលើកឡើងថា កំពុងផ្តើមស្នេហ៍ថ្មីជាមួយអ្នកសិល្បៈជំនាន់ក្រោយម្នាក់យ៉ាងស្ងប់ស្ងាត់។
ទោះជាយ៉ាងណាតារាស្រីវ័យ៣០ឆ្នាំផ្លាយរូបនេះលើកឡើងថា គឺជារឿងមិនពិត។ នាងបញ្ជាក់ថា រឿងរ៉ាវស្នេហាដែលគេនិយាយនោះគឺជារឿងបង្ខូចកេរ្តិ៍ឈ្មោះនាងតែប៉ុណ្ណោះ ខណៈដែលធាតុពិតគឺនាងនៅទំនេរដដែលក្រោយបែកអតីតស្វាមី។ នាងបន្តថា មិនចង់នឹកនារឿងស្នេហានៅពេលនេះទេគឺចង់ទុកពេលច្រើនដើម្បីការងារសិល្បៈដែលស្ទើរតែរកពេលសម្រាកគ្មាន។ នាងថា «រឿងប្តីសីអីគង់តែយកទេ ប៉ុន្តែមិនមែនពេលនេះ ព្រោះសំខាន់មានលុយកាក់សិន»។ នាងថា ក្រោយលែងលះនាងមានភារៈចិញ្ចឹមកូនៗក្នុងបន្ទុក ហើយក៏ចង់សន្សំប្រាក់ទុកទាន់មានឱកាសល្អហើយរឿងគូស្រករត្រូវគិតពេលក្រោយហើយក៏មិនចេះតែប្រថុយប្រថានដែរគឺត្រូវពិនិត្យឲ្យល្អិតល្អន់មិនចង់មានបញ្ហាលែងលះជាលើកទី២។ នាងថា នៅរយៈពេលដ៏ខ្លីខាងមុខនេះនាងក៏មានគម្រោងចេញទៅសម្តែងជាលើកដំបូងនៅលើទឹកដីនៃសហរដ្ឋអាមេរិកជាមួយនឹងតារាកំប្លែងរួមក្រុមមួយចំនួនដែរព្រោះតែនាងចង់ដើរលម្ហែកម្សាន្តជាមួយគ្នានៅក្រៅប្រទេសដើម្បីបន្ធូភាពតានតឹងហើយក៏ជាឱកាសជួបអ្នកគាំទ្រនិងស្វែងរកចំណូលបន្ថែមផងដែរ។
គួរបញ្ជាក់ដែរថា ដំណឹងលែងលះប្ដីរបស់តារាស្រីរូបនេះ ត្រូវគេដឹងឮខ្ទរខ្ទារច្បាស់ការយូរក្រែលមកហើយ ក៏ដើមចមនៃការបែកបាក់នៅតែមានព័ត៌មានដោយឡែកពីគ្នា។ ក្នុងពេលបែកបាក់ភ្លាមៗមនុស្សជាច្រើនបានទម្លាយថា អ្នកទាំងពីរផ្ទុះរឿងប្រច័ណ្ឌគ្នានិងខ្លះថា បណ្ដាលមកពីស្វាមីរបស់នាងដែលត្រូវគេដឹងថា ជាគ្រូបង្រៀនថ្នាក់ខ្ពស់នោះ ខ្មាស់គេនៅពេលគេចំអន់ថា នាងជាតារាដែលមិនដឹងថា នៅពេលបាត់មុខពីផ្ទះទៅមិនដឹងថា ធ្វើអ្វីកំបាំងភ្នែកប្ដីខ្លះ។ ប្រភពខ្លះបានលើកឡើងថា ក្រុមគ្រួសារខាងប្ដីជាអ្នកបញ្ចេះឲ្យស្វាមីនាងទារលែងលះ ទើបនាំឲ្យអ្នកទាំងពីរចេះតែកើតរឿងក្នុងផ្ទះ ហើយឈានដល់ដាច់ដោចគ្នា។ ទោះជាយ៉ាង នាងអ៊ីត ប្រាប់ថា ដើមចមសំខាន់នៃការលែងលះគ្នាគឺដោយសារតែប្តីដើរផឹកលែងស្គាល់ផ្ទះក្រោយបានគ្រប់គ្រងវង់ភ្លេងតន្ត្រីសម័យមួយមកដោយមិនខ្វល់នឹងប្រពន្ធនិងកូន៕
ដោយ៖ វឌ្ឍនា