ភ្នំពេញ៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងបំផុតនៅកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ បានគ្រោង នឹងលេចចេញជារូបរាងហើយ នៅក្នុងខេត្តត្បូងឃ្មុំ ។ ថ្នាល«បណ្តុះកូនឈើ»នេះ រៀបចំឡើងដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។
ក្រសួងបរិស្ថានបានឱ្យដឹងថា ថ្នាល«បណ្តុះកូនឈើ»ខ្នាតធំដំបូងបំផុតនៅក្នុងប្រទេសកម្ពុជានេះ អាចមានសមត្ថភាពផលិតកូនឈើបានចំនួន ១លាន ២សែនកូនក្នុង១ឆ្នាំ និង ជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ។
គួរបញ្ជាក់ថា ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និង ពង្រីកវិសាលភាពព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន ៧៣ តំបន់ និង គ្របដណ្តប់លើផ្ទៃដីជាង ៧លានហិកតាស្មើនឹង៤០ភាគរយ នៃផ្ទៃដីប្រទេស៕ដោយ៖ ភារ៉ា ដង្កោ