ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌដូនពេញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូ) គេចខ្លួនបាន៣ថ្ងៃ
កាលពីម៉ោង២រសៀលថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចច្រកឌឿងហែមផ្លូវលេខ៦១ កែងផ្លូវ១២៦ ភូមិ៥ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
លោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អេង រតនៈ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ(គ្មាន) ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ១២៦ ភូមិ៣(សុខាល័យ) សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះមានឈ្មោះ សំណាង ផានិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ 89E4 ផ្លូវលេខ164 សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។
លោកអធិការរងបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យបានដើរចេញពីសុខាល័យ សង្កាត់ផ្សារថ្មីទី២ ចូលតាមឌឿងហែម មកដល់ចំណុចកើតហេតុបានឃើញម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដា scoopy ស៊េរីឆ្នាំ២០១៥ ពណ៌ក្រហម ដែលចតទុកនៅក្នុងឌឿងហែមផ្លូវលេខ៦១កែង១២៦ ភូមិ៥ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ បានចូលទៅធ្វើសកម្មភាពយកដែកសំបែតចុងស្រួច កាច់សោ-កម៉ូតូរបស់ជនរងគ្រោះរួចជិៈគេចខ្លួនបាត់។ ក្រោយពីសភាពការនេះកើតឡើងរួចជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារថ្មីទី១ ភ្លាមនោះកម្លាំងជំនាញខណ្ឌសហការជាមួយប៉ុស្តិ៍ បានស្រាវជ្រាវ រហូតដល់ម៉ោង០៣ម៉១៥នាទីទាបភ្លឺ ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងយើងក៏បានឃាត់ជនសង្ស័យនៅចំណុចផ្លូវលេខ១២៦ កែងផ្លូវព្រះមុន្នីវង្ស ភូមិ៣ សង្កាត់ផ្សារថ្មីទី២ រួចបាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ ដើម្បីសាកសួរ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានសារភាពថាខ្លួន ពិតជាបានប្រព្រឹត្តអំពើ កាច់កម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ