ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងភាពជឿជាក់ពីសំណាក់វិនិយោគិន និងធុរជន បង្កើតការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និងចំណាយពាក់ព័ន្ធផ្សេងៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធផលនេះក៏ជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និងកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើពន្ធ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ នៅមុនវិបត្តិកូវីដសកល កម្ពុជាជាប្រទេសដែល មានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំងក្នុងតំបន់ និងសកលលោក ដោយកំណើនសេដ្ឋកិច្ចកម្ពុជាស្ថិត ក្នុងរង្វង់ ៧ ភាគរយ។ ក្រោយវិបត្តិកូវីដសកលធូរស្រាល កំណើនសេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើង វិញយ៉ាងឆាប់រហ័ស។ កំណើនសេដ្ឋកិច្ចកម្ពុជា ភាគច្រើនទ្រទ្រង់ដោយវិស័យពាណិជ្ជកម្ម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ ការដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ក្នុងថ្ងៃនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា ៕