ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ដោយស្របតាមនិន្នាការតំបន់និងសកលលោក រាជរដ្ឋាភិបាលបានកំណត់យកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ជាកត្តាលីករគន្លឹះមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
សម្តេចធិបតី បានថ្លែងបន្តថា ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥» និង «គោលនយោបាយឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥» ជាមួយនឹងចក្ខុវិស័យកសាងសេដ្ឋកិច្ចសង្គមនិងរដ្ឋាភិបាលឌីជីថលឱ្យរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ចាប់យក និងការធ្វើបរិវត្តកម្មឌីជីថល នៅគ្រប់ស្ថាប័នរដ្ឋនិងឯកជន។
នាឱកាសនោះដែរ សម្តេចធិបតី បានសង្កត់ធ្ងន់ថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានបន្ថែមបច្ចេកវិទ្យាជាអាទិភាពថ្មីមួយ សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ ក្នុងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅរាជធានីភ្នំពេញ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមប្រើប្រាស់ និងផ្ដល់ធាតុចូលបន្ថែមលើការប្រើប្រាស់ «ប្រព័ន្ធបញ្ជរតែមួយជាតិ»នេះ ដើម្បីឱ្យការប្រើប្រាស់រឹតតែមានប្រសិទ្ធភាព តាមរយៈគោលការណ៍ជួយគិត ជួយទទួលខុសត្រូវ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ ការដាក់ឲ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅថ្ងៃនេះ ជាការចូលរួមកែលម្អបរិយាកាសធុរកិច្ច ជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា សំដៅលើកកម្ពស់ប្រសិទ្ធភាព ភាពជឿជាក់ពីវិនិយោគិន និងជាការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យា ៕