ក្នុងខែមេសាឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័តគម្រោងវិនិយោគចំនួន២២ មានទុនសរុបជាង៣០៩លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងខែមេសា ឆ្នាំ២០២៤ បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន២២ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣០៩លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ CDC នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

យោងតាមសេចក្ដីប្រកាសនេះដែរបានឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន២១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣០៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង២២គម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៤គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៨គម្រោង។

ទន្ទឹមនឹងនោះគម្រោងដែលមានភាពលេចធ្លោជាងគេមានដូចជា គម្រោងវិនិយោគផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់ក, មួក, និងស្បែកជើងពាក់ក្នុងផ្ទះនៅខេត្ដស្វាយរៀង, គម្រោងពង្រីកផលិតកម្មផលិតសំបកកង់យានយន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, គម្រោងវិនិយោគផលិតបន្ទះហ្វ្រាំងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និងគម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

សូមបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី១ ដោយបានរួមចំណែករហូតដល់ទៅប្រមាណ៩៨% នៃទុនវិនិយោគសរុប៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print