ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីហិង្សាដោយចេតនានៅក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី៧ខែឧសភាឆ្នាំ២០២៤នេះថាជនសង្ស័យមានឈ្មោះ ចិន វាស្នា អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិចេក ឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះមានឈ្មោះ តុញ ផលអាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងថ្ម ឃុំល្បេីក ស្រុកឈូក ខេត្តកំពត។
ប្រភពបន្តថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៧និង១០នាទីយប់ សមត្ថកិច្ចបានទទួលព័ត៌មានថា នៅការដ្ឋានសំណង់មួយកន្លែងជាប់ព្រំដែនកម្ពុជា-វៀតណាម មានកម្មករឈ្លោះគ្នាបង្កជាហិង្សាធ្វើអោយមានរបួសស្នាម។
កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វេីការស្រាវជ្រាវរកជនបង្ក និងជនរងគ្រោះបានដឹងថា ករណីខាងលេីបង្កឡេីងដោយជនសង្ស័យបានយកដែកសម្រាប់បៀកថ្នាំវាយទៅលេីជនរងគ្រោះបណ្ដាលអោយរងរបួសធ្ងន់ (ហើមភ្នែក និងរបួសដៃខាងស្ដាំ )។
នៅចំពោះមុខសមត្ថកិច្ច ប្រពន្ធជនរងគ្រោះឈ្មោះ អឿង ណាច បានប្រាប់ថា ប្ដីរបស់ខ្លួនបានផឹកស្រាតាំងពីថ្ងៃ(តែមិនមែនផឹកជាមួយគ្នាទេ) រហូតដល់វេលាម៉ោងប្រហែល៤រសៀលនាថ្ងៃខែឆ្នាំដដែល ប្ដីរបស់ខ្លួននិង ជនសង្ស័យក៏បានជួបមុខគ្នា ហើយឈ្លោះប្រកែកពាក្យសម្ដីគ្នាទៀត រហូតដល់វាយប្ដីរបស់ខ្លួនចំភ្នែកខាងស្ដាំ បណ្ដាលអោយហេីមភ្នែក ខ្លួនក៏បាននាំប្ដីទៅពេទ្យដេីម្បីព្យាបាលនិងលាងរបួស។
ប្រភពបន្តថា ពេលត្រលប់មកដល់កន្លែងសម្រាកវិញ ពេលងូតទឹករួចប្ដីខ្លួនក៏បានដេកក្នុងបន្ទប់ ស្រាប់តែជនង្ស័យបានបន្តមករករឿងប្ដីរបស់ខ្លួនទៀត ហើយយកដែកសម្រាប់បៀកថ្នាំមកវាយលេីប្ដីរបស់ខ្លួនចំដៃខាងស្ដាំបណ្ដាលអោយដាច់សាច់ជាច្រេីនកន្លែង ហូរឈាមរងរបួសធ្ងន់៕