អ្នកនាំពាក្យក្រសួងការពារជាតិប្រតិកម្មនឹងការផ្សាយរបស់សារព័ត៌មានបរទេសមួយ ដែលបានភ្លើសការពិត ទាក់ទងនឹងវត្តមាននាវាកងទ័ពចិនពីរគ្រឿងដែលកំពុងសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ÷ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានចេញប្រតិកម្មទៅនឹងការ ចុះផ្សាយរបស់សារព័ត៌មានបរទេសមួយ ដែលបានផ្សាយបំភ្លើសការពិត ទាក់ទងនឹងវត្តមាននាវារបស់កងទ័ពចិនពីរគ្រឿងដែលកំពុងសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ ខណៈការសំចតរបស់នាវាចិនពីរគ្រឿងនេះ គឺសម្រាប់ត្រៀមធ្វើសមយុទ្ធនាគមាសលើកទី៦ជាមួយកម្ពុជាតែប៉ុណ្ណោះ។ មិនមែនតាំងមូលដ្ឋានទ័ពរបស់ ចិនលើទឹកដីកម្ពុជាដូចការលើកឡើងរបស់សារព័ត៌មានដែលបម្រើឲ្យបរទេស និងក្រុមប្រឆាំងនោះឡើយ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់ថា នាថ្មីនេះៗ មានវិទ្យុបរទេសមួយ បានបន្តផ្សព្វផ្សាយបំផ្លើសការពិតទាំងស្រុងជាថ្មីម្តងទៀត ចំពោះវត្តមាននាវាយោធាចិន២គ្រឿង ដែលបានចូលចត នៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជា ដោយពួកគេបានចោទប្រកាន់ថា «ជាវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងប្រទេសកម្ពុជា ហើយជាមូលដ្ឋានកងទ័ពចិនទី២ នៅលើពិភពលោក»។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា«ការផ្សព្វផ្សាយរបស់វិទ្យុបរទេសនេះ គឺជាការមួលបង្កាច់ទាំងស្រុងចំពោះសភាពការណ៍ជាក់ស្តែង និងមានចេតនាបំភាន់ដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំចំពោះសកម្មភាព និងអធិបតេយ្យរបស់ព្រះជាណាចក្រកម្ពុជាជាពិសេសវត្តមាននាវាយោធារបស់ចិន ដែល បានចូលមកជួយហ្វឺកហ្វឺនបណ្តុះបណ្តាលកងទ័ពជើង ទឹកកម្ពុជា និងត្រៀមខ្លួនដើម្បីធ្វើសមយុទ្ធនាគមាស ដែលជាលំហាត់រួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី៦ នៅពាក់កណ្តាលខែឧសភានេះ ក្រោមប្រធានបទ (ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌)»។

នាយឧត្តមសេនីយ៍ឈុំ សុជាតិ បានបញ្ជាក់បន្ថែមទៀតថា«វត្តមាននាវាចិន២គ្រឿងខាងលើនៅកម្ពុជា ជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា ក៏ដូចជាបច្ចេកវិទ្យាថ្មីៗផ្សេងទៀត ដល់កងទ័ពជើងទឹកកម្ពុជា ដែលជាការរួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែខ្លាំងក្លាខណៈ ដែលប្រទេសទាំងពីរ គឺជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុង ជ្រោយ និងកំពុងកសាងសហគមន៍ជោគវាសនារួម ហើយការចូលនៃនាវាចិននេះ ក៏ជាការតេស្តសាកល្បងចំពោះកំពង់ផែរាម ដែលភាគីចិនកំពុងជួយសាងសង់ឱ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងនឹងទិញនាវាបែបនេះដើម្បីបម្រើឱ្យវិស័យយោធានៅពេលខាងមុខផងដែរ។ មិន មែនជាការតាំងមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជា ដូចសារព័ត៌មានបរទេសដែលមាននិន្នាការនយោបាយមួយចំនួនចុះផ្សាយឡើយ»។

នាយឧត្តមសេនីយ៍ បានលើកឡើងទៀតថាពាក់ព័ន្ធនឹងការចោទប្រកាន់អំពីមូលដ្ឋានកងទ័ពបរទេសនេះ រាជ រដ្ឋាភិបាលកម្ពុជា ដែលកន្លងទៅដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួនឡើយ ហើយកម្ពុជាក៏មិនអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួនជាដាច់ខាត។

តាមរយៈសារប្រតិកម្មនេះដែរ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានរំលឹកដែរថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៤ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំកម្ពុជាបានចេញមកបញ្ជាក់យ៉ាងច្បាស់ជុំវិញករណីនេះ ដោយកម្ពុជាមានភាពចាំបាច់ ដែលត្រូវមានមូលដ្ឋានកងទ័ពបរទេសនោះឡើយ។ សម្តេចបានចោទសួរថា «តើកម្ពុជាត្រូវការកងទ័ពចិនមកធ្វើអ្វី? និងដើម្បីអ្វី? តើកម្ពុជាឆោតល្ងង់រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការណ៍គោរពឯករាជ្យភាពកម្ពុជាពីសំណាក់ចិនឬ?»។

ដោយឡែកនៅក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់២ចំណុចផងដែរ។នោះគឺ «ទី១៖ រដ្ឋធម្មនុញ្ញកម្ពុជា គ្មានឱ្យមូលដ្ឋាន ទ័ពបរទេសនៅលើទឹកដីខ្លួនទេ ហើយកម្ពុជាគ្មានមហិច្ឆតា ឬគ្មានគោលគំនិត ហើយគ្មានភាពក្លាហាន ក្នុងការប្រឆាំងរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេ យើងមិនឱ្យប្រទេសណាដាក់មូលដ្ឋានទ័ពនៅលើទឹកដីកម្ពុជានោះទេ និង ទី២៖ យើងមិនឱ្យប្រើប្រាស់ប្រទេសយើងជាមូលដ្ឋានប្រឆាំងនឹងប្រទេសណានោះទេ កុំថាដល់មូលដ្ឋានទ័ព សូម្បីតែធ្វើសកម្មភាពផ្សេងៗ ប្រឆាំងប្រទេសណាមួយក៏យើងមិនឱ្យនោះដែរ»។

...

យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ឈុំ សុជាតិ ក៏ បានសង្ឃឹមថា ការបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ម្តងហើយម្តងទៀតរបស់កម្ពុជា នឹងអាចលុបបំបាត់ការបំភ្លៃ ការបំផ្លើសព័ត៌មានរបស់សារព័ត៌មានបរទេស និងពាក្យចចាមអារ៉ាមមួយចំនួន ពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពបរទេសនេះតទៅទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print