ទីក្រុងតូក្យូ, ជប៉ុន៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរទស្សនកិច្ចប្រទេសជប៉ុនចាប់ពីថ្ងៃទី០៧-០៩នេះ បានចូលជួបពិភាក្សាការងារជាមួយលោក Imamura Masahiro ប្រធានសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន កាលពីល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ស្តីពីកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន។
ក្នុងជំនួបនាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះភាគីមិត្តដែលតែងតែផ្តល់នូវភាពស្និទ្ធស្នាលជាមួយរាជរដ្ឋាភិបាលកម្ពុជារាប់ចាប់តាំងពីនីតិកាលដែលដឹកនាំដោយសម្តេចតេជោអតីតនាយករដ្ឋមន្ត្រី រហូតមកដល់នីតិកាលដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញអំពីការចូលរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ដែលការណ៍នេះ ជាកាយវិការប្រកបដោយមេត្រីភាពដែលបានឆ្លុះបញ្ចាំងអំពីការរឹតចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែរីកធំធាត់។ ស្របគ្នានេះផងដែរ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើសុំដល់សមាជិកសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុនទាំងអស់មេត្តាផ្តល់កិច្ចសហការជួយបញ្ជ្រាបការឈ្វេងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចនានានៅប្រទេសជប៉ុន សំដៅទាក់ទាញសហគ្រាសដែលមានសក្តានុពលឱ្យមកពង្រីកខ្សែច្រវាក់ផលិតកម្ម ឬខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនមកកាន់កម្ពុជានាពេលអនាគត។
ជាការឆ្លើយតប លោកប្រធានបានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាឱកាសដ៏មនោរម្យនេះ។ លោកប្រធានក៏បានសម្តែងនូវការគាំទ្រលើរាល់មតិយោបល់ល្អៗរបស់ភាគីកម្ពុជា ព្រមទាំងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយកិត្តិស័ព្ទកម្ពុជា ក៏ដូចជាកាលានុវត្តភាពវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលំទូលាយជ្រាបចូលដល់ស្រទាប់ធុរកិច្ចរបស់ប្រទេសជប៉ុនផងដែរ៕ដោយ៖តារា