ខេត្តសៀមរាប៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះថា ចៅក្រមសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជនត្រូវចោទ៣នាក់បន្ថែមទៀត ពាក់ព័ន្ធរំលោភបូកលើក្មេងស្រីម្នាក់អាយុ១៥ឆ្នាំ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង និងចែកចាយព្រោងព្រាតលើបណ្តាញសង្គម។
សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា កាលពីម្សិលមិញ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនត្រូវចោទចំនួន៣នាក់ មកបង្ហាញនៅចំពោះចៅក្រមករណីរំលោភបូក ហើយក្រោយការសួរនាំ និងពិនិត្យលើភស្តុតាង និងអង្គហេតុ ចៅក្រមក៏សម្រេចឃុំខ្លួនជនទាំង៣នាក់ ដាក់ពន្ធនាគារតែម្តង។
សូមជម្រាបថា គិតត្រឹមរហូតមកដល់ពេលនេះ មនុស្សចំនួន៨នាក់ហើយ ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ ករណីរំលោភបូកខាងលើ។ ខណៈក្មេងស្រីរូបនេះ ត្រូវជនសង្ស័យទាំង២០នាក់ បានប្រព្រឹត្តអំពើរំលោភសេពសន្ធវៈនៅ៣ទីតាំងផ្សេងគ្នា និង៣ថ្ងៃជាប់ៗគ្នា ពោលចាប់ពីថ្ងៃទី១៥ ១៦ និងទី១៧ ខែមេសា។
គួរបញ្ជាក់ថា ក្មេងស្រីរងគ្រោះដោយការរំលោភបូក ត្រូវបានអង្គការ AFESIP Cambodia នៅភ្នំពេញ របស់លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ យកទៅស្នាក់នៅ និងរៀនសូត្រផងដែរ៕
ដោយ៖តារា