ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ អះអាងថា ពុំបានចាប់បង្ខំ ឬណែនាំដល់ប្រជាពលរដ្ឋរូបណាម្នាក់ឱ្យធ្វើការរុះរើ ដូចការផ្សាយរបស់គណនីមួយនោះផ្សាយឡើយ។
សូមបញ្ជាក់ថា ៖ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មានចំពោះការផ្សាយផ្ទាល់តាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក មានគណនីឈ្មោះ KH Plus News ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋចំនួន១១៧គ្រួសារ បានសំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យ ពាក់ព័ន្ធនឹងការអភិរក្សផ្លូវអន្ទង់អាំង ស្ថិតនៅចំណុចអូរ១៧ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង។
នៅក្នុងសេចក្តីបំភ្លឺព័ត៌មាននោះដែរបានឱ្យដឹងថា ដោយមើលឃើញពីគុណសម្បត្តិដ៏ធំធេងនៃការថែរក្សា ការពារអភិរក្ស និងស្តារគម្របបៃតងឡើងវិញនៅផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួននោះ មកទល់ពេលនេះមានប្រជាពលរដ្ឋមួយចំនួនធំ បានស្ម័គ្រចិត្តនិងសាទរប្រគល់ទីតាំងជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដោយគ្រាន់តែសំណូមពរឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ពិនិត្យលទ្ធភាពផ្តល់កន្លែងរស់នៅអាចប្រកបមុខរបរបានតែប៉ុណ្ណោះ រីឯអ្នកមួយចំនួនតូចនៅមានការរារែកក្នុងការចូលរួម ដោយសារពួកគាត់ពុំទាន់បានយល់ច្បាស់អំពីគុណសម្បត្តិដ៏ធំធេងនៃការអភិរក្ស និងការស្តារគម្របបៃតងឡើងវិញ។
ទន្ទឹមនោះដែរ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានបញ្ជាក់ថា ចំពោះការលើកឡើងក្នុងការផ្សាយផ្ទាល់ថា រដ្ឋបាលខេត្តពោធិ៍សាត់ឱ្យរុះរើផ្ទះ ដំណាំផ្សេងៗនោះ គឺជាមតិយល់ឃើញរបស់អ្នកមួយចំនួនតូចដែលមានការញុះញង់ពីអ្នកខាងក្រៅតែប៉ុណ្ណោះ។ មកទល់ពេលនេះ រដ្ឋបាលខេត្តពុំទាន់បានចាប់បង្ខំ ឬណែនាំដល់ប្រជាពលរដ្ឋរូបណាម្នាក់ឱ្យធ្វើការរុះរើឡើយ។
រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ សូមចូលរួមជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ដើម្បីថែរក្សា ការពារ អភិរក្ស និងស្តារតំបន់បៃតងឡើងវិញនៅផ្លូវអន្ទង់អាំង ឬបុប្ផាលាក់ខ្លួន ដែលជាតំបន់លម្ហែស្រូបយកខ្យល់អាកាសដ៏ត្រជាក់ល្អបរិសុទ្ធ និងគយគន់ផ្ទាំងទស្សនីយភាពដែលល្អគ្មានពីរ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់តែម្តង៕