សារព័ត៌មាន AFP បានដកស្រង់សម្តីប៉ូលិសស្លូវ៉ាគីដែលនិយាយថាសាលារៀន ធនាគារ និងអង្គការជាច្រើនទៀតនៅក្នុងប្រទេសបានទទួលការគំរាមកំហែងវាយប្រហារគ្រាប់បែកតាមអុីមែលជាង 1.400 ករណីកាលពីថ្ងៃទី 7 ឧសភា។
ប៉ូលិសស្លូវ៉ាគី បានលើកឡើងថា «ការគំរាមកំហែងដោយគ្រាប់បែកបានចាប់ផ្តើមបញ្ជូនទៅសាលានៅប្រហែលម៉ោង ៥-៦ ព្រឹក។ ប្រហែល 1.323 សំបុត្របានកំណត់គោលដៅសាលារៀន ។ សំបុត្រ 110 សំដៅទៅលើធនាគារ និង 40 សំបុត្រសំដៅលើហាងលក់គ្រឿងអេឡិចត្រូនិក។ យើងកំពុងធ្វើការយ៉ាងពេញទំហឹង ត្រួតពិនិត្យសន្តិសុខសាលា និងស្វែងរកជនល្មើស” ។
គេហទំព័រស្លូវ៉ាគីបានរាយការណ៍ថា សាលារៀនជាង 120 នៅក្នុងតំបន់ស្វយ័ត Bratislava បានទទួលសំបុត្រគំរាមកំហែងដែលមានខ្លឹមសារនិយាយអំពីព្រះអាឡោះនិងច្បាប់អ៊ិស្លាម Sharia ប៉ុន្តែអាសយដ្ឋានដែលផ្ញើមានឈ្មោះដែនរុស្ស៊ី “.ru” ។
កាលពីឆ្នាំមុន ឧប្បត្តិហេតុស្រដៀងគ្នានេះបានកើតឡើងនៅក្នុងប្រទេសលីទុយអានី និងអេស្តូនី។ ពីមុនក្នុងឆ្នាំ 2019 សាលារៀនប្រហែល 700 នៅក្នុងប្រទេសប៉ូឡូញបានទទួលការគំរាមកំហែងដោយគ្រាប់បែក៕ ដោយធីរីណា
រូបថត: TASR