ទីក្រុងតូក្យូ, ជប៉ុន៖ ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន(JETRO) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា នៅសាលមហោស្រពនៃសកលវិទ្យាល័យអង្គការសហប្រជាជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាទៅកាន់សហគ្រាសរបស់ជប៉ុន។ ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងស្ថានតំណាងបរទេសប្រចាំប្រទេសជប៉ុន ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន សម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន សមាគមជប៉ុន-កម្ពុជា និងវិស័យឯកជនសរុបប្រមាណ ១៥០រូប។
មានមតិក្នុងសុន្ទរកថាគន្លឹះ លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងសិក្ខាសាលាដ៏មានសារៈសំខាន់នាឱកាសនេះ។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីសក្តានុពលវិជ្ជមានរបស់ព្រះរាជាណាចក្រកម្ពុជាមានជាអាទិ៍ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ច, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។ ជាកិច្ចបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រីបានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថាវិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួមនាពេលនេះនឹងអញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចជប៉ុនឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។
ជាកិច្ចបន្ត វាគ្មិនមកពីវិស័យឯកជនក៏បានចូលរួមវេទិកាពិភាក្សា ស្តីពីសក្តានុពលវិនិយោគលើវិស័យថ្មីៗនៅកម្ពុជាដោយបានគូសបញ្ជាក់អំពីភាពងាយស្រួលក្នុងការប្រកបអាជីវកម្មនៅកម្ពុជា ពិពិធភាពនៃសកម្មភាពវិនិយោគដែលពោរពេញដោយឱកាស និងការគាំទ្រផ្នែកគោលនយោបាយប្រកបដោយបុរេសកម្មពីសំណាក់រាជរដ្ឋាភិបាលលើអនុវិស័យថាមពលកកើតឡើងវិញ ខ្សែច្រវាក់ផលិតកម្មបៃតង និងសេដ្ឋកិច្ចឌីជីថលដែលកំពុងតែដើរស្របនឹងនិន្នាការតំបន់ និងសកល។
សូមជម្រាបជូនផងដែរថា ស្របពេលនៃព្រឹត្តិការណ៍ខាងលើ លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់កិត្តិយសអញ្ជើញបើកកម្មវិធីផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមកម្ពុជា-ជប៉ុន ព្រមទាំងឆ្លៀតពេលវេលាដ៏មមាញឹកផ្តល់កិច្ចសម្ភាសន៍ជូនសារព័ត៌មាន Nikkei ផងដែរ ៕
ដោយ ៖ សិលា