ខេត្តកំពង់ចាម៖រសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា ដឹកនាំក្រុម ការ ងារចូលរួមពិធីសំណេះសំណាលជាមួយលោកនាយក នាយិកាគ្រឹះស្ថានសិក្សា និងចែកសម្ភារសិក្សាដល់សិស្សរៀនពូកែថ្នាក់ទី៣ ដល់ទី៦ នៅទូទាំងស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម លោក ជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ តំណាងសហគមន៍ និងអាជ្ញាធរដែនដី។
មានប្រសាសន៍ក្នុងឱកាសនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការវិវឌ្ឍន៍ថ្មីៗនៃគោលនយោបាយក្នុងវិស័យអប់រំ ដោយគូសបញ្ជាក់ថារាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអនុវត្តគោលនយោបាយលើកទឹកចិត្តគ្រូបង្រៀន ដំឡើងប្រាក់ បៀវត្ស ពិនិត្យឡើងវិញនូវលក្ខខណ្ឌនៃការជ្រើសរើសគ្រូ លើកកម្ពស់គុណភាពនៃការបណ្ដុះបណ្ដាលគ្រូ ឆ្ពោះទៅលើកកម្ពស់គុណភាពនៃការបង្រៀន និងលទ្ធផលសិក្សារបស់សិស្ស។
ក្រសួងបានដាក់ចេញនូវគោលនយោបាយ លើកកម្ពស់សុខភាពសិក្សាកុមារតូច ដោយពង្រឹងមូលដ្ឋានគ្រឹះនៃចំណេះដឹង តាមរយៈការអនុវត្តកម្មវធី កញ្ចប់អំណានដំបូង និងកញ្ចប់គណិតដំបូង ជំរុញការបង្កើតឱ្យមានស្តង់ដាបណ្ណាល័យ ដោយលើកទឹកចិត្តសិស្សឱ្យចូលអានឱ្យបានទៀងទាត់។ ទន្ទឹមនឹងនេះក៏មិនអាចខ្វះបានឡើយនូវការចូលរួមគាំទ្រពីមាតាបិតា អ្នកអាណាព្យា បាល និងសហគមន៍ ក្នុងការថែទាំសុខភាពកុមារតូច ឱ្យហូបចុកគ្រប់គ្រាន់ មានសុខភាពរឹងមាំទើបរៀនសូត្របានពូកែ និង ត្រូវបញ្ជូនកូនឱ្យទទួលបានការសិក្សានៅកម្រិតមតេ្តយ្យ និងបឋមសិក្សា។
ឆ្លៀតក្នុងឱកាសនេះដែរបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចយកអស់កម្លាំងកាយចិត្តរបស់ លោក លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ឆ្លើយតបនឹងគោលនយោបាយថ្មីៗរបស់ក្រសួង ក៏ដូចជាវិធានគន្លឹះ ៤ ចំណុចដើម្បីពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលរួមមាន ៖ (ទី១). ការពង្រឹងអភិបាលកិច្ចសាលារៀន (ទី២). ការពិនិត្យកែសម្រួល និង រៀបចំកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថរបស់សិស្ស (ទី៣). ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធី អាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, និង(ទី៤). ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍។ វិធានគន្លឹះទាំង ៤ ត្រូវបានបញ្ជ្រាបក្នុងការអនុវត្ត «ស្តង់ដាសាលារៀនគំរូ» ដែលរួមមាន ស្តង់ដា (ទី១). ផ្តោតលើលទ្ធផល (ទី២) ផ្តោតលើ ការបង្រៀននិងរៀន (ទី៣). ផ្តោតលើការចូល រួមរបស់សហគមន៍ (ទី៤). ផ្តោតលើ ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន (ទី៥). ផ្តោតលើគណនេយ្យភាពរបស់សាលារៀន៕