ខេត្តមណ្ឌលគិរី÷ លោកឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានមានប្រសាសន៍ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានការសោកស្តាយជាពន់ពេកចំពោះការបាត់បង់សត្វដំរីព្រៃញី១ក្បាលដែល មានរបួសធ្ងន់ធ្ងរនៅចំណុចអូរក្រាក់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច នៅវេលាម៉ោង៥និង៣៨នាទីព្រឹក។
លោកអនុប្រធានមន្ទីរ បានបញ្ជាក់ថា ខាងជំនាញសហការជាមួយអង្គការWWF បានប្រឹងប្រែងព្យាយាមប្រឹងប្រែងជួយសង្គ្រោះសត្វដំរីញី១ក្បាលនោះ អស់លទ្ធភាពហើយ។ លោកប្រាប់ថា សត្វដំរីនោះទំនងជាប់ ផុងយូរនៅក្នុងល្បាប់អូរក្រាក់ ទម្រាំមានប្រជាពលរដ្ឋប្រទះ ឃើញដូច្នេះយើងលំបាកនឹងស្ដារសុខភាពដំរីនោះឡើងវិញខ្លាំងណាស់។ លោកបញ្ជាក់ថា យើងបានប្រឹង ប្រែងខ្លាំងណាស់ដើម្បីជួយសង្គ្រោះសត្វដំរីនេះ។
គួររំលឹកថា ក្រុមការងារនៃដែនជម្រកសត្វព្រៃភ្នំព្រេចបានប្រទះឃើញសត្វដំរីព្រៃញី១ក្បាល បានជាប់ក្នុងល្បាប់ភក់ចំណុចអូរក្រាក់កាលពីថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៤។ ក្រុមការងារបានព្យាយាមជួយសង្គ្រោះសត្វដំរីញី១ក្បាលនោះ ប៉ុន្តែគួរឱ្យសោកស្ដាយ 10 ថ្ងៃក្រោយមក ដំរីញី១ក្បាលនោះបានបាត់បង់ជីវិត។
ក្រុមការងារនៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរីរួមសហការជាមួយអង្គការ WWF មន្ត្រីជំនាញ និងក្រុមការងារនៃក្រុមហ៊ុនលឹមរ៉ូយ៉ាល់បាន ធ្វើការជួយសង្គ្រោះសត្វដំរីព្រៃញី១ក្បាលដែលកំពុងជាប់ក្នុងល្បាប់ភក់ និងមានរបួសជើងមុខខាងឆ្វេងនិងផ្នែកពោះអស់រយៈពេល៣ថ្ងៃនៅ កន្លែងកើតហេតុ។ ក្រុមការងារក៏បានដឹកជញ្ជូនដំរីព្រៃញី១ក្បាលនេះ មកបន្តព្យាបាលនៅទីស្នាក់ការកណ្ដាលរយ៉លើ នៃដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី។
ដោយសុខភាព សត្វដំរីព្រៃញី១ក្បាលនេះមានសភាពខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ នាថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២៤ ក៏បានស្លាប់បាត់បង់ជីវិត។ នៅវេលាម៉ោង២
រសៀលនាថ្ងៃនេះក្រុមការងារនឹងរៀបចំជីករណ្តៅកប់នៅទីស្នាក់ការរយ៉លើដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕