ភ្នំពេញ៖ ក្រោយមានការជួយអន្តរាគមន៍ និងសម្របសម្រួលជាបន្តបន្ទាប់ ពលការិនីខ្មែរចំនួន ២៤នាក់បន្ថែមទៀត បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះក្រោមការជួយជ្រួមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីនៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដែលជាប្រទេសជាមិត្ត។
ក្រោយមកដល់ប្រទេសកម្ពុជាវិញ ពលការិនីជុន សារុន ដែលធ្វើការនៅក្រុមហ៊ុនBABនៅប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ហើយក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកកម្ពុជាដែលបានដុតដៃដុតជើងជួយពលរដ្ឋដោយមិនទុកពលរដ្ឋណាម្នាក់ចោលនោះឡើយ។
ពលការិនីខ្មែរដែលបានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន ២៤នាក់នេះ ជាពលករស្របច្បាប់ដែលត្រូវបានបញ្ជូនដោយក្រុមហ៊ុនហ្វាទីណា។ ការមកដល់របស់ពលការិនីខ្មែរទាំង ២៤នាក់នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀតផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីសម្របសម្រួលពលការិនីចំនួន ២៤នាក់ ឲ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចចក្រអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធក្នុងការសម្របសម្រួលជូនពលការិនីផ្សេងទៀតដែលមានបំណងចង់វិលត្រឡប់មកមាតុប្រទេសវិញ៕