ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាននាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌព្រែកព្នៅ មកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារមកពីសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ នៅក្នុងបរិវេណវត្តភ្នំរាប សង្កាត់ពន្សាំ ខណ្ឌព្រែកព្នៅ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។
មានប្រសាសន៍នាឱកាសនោះលោក ឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញបានមានប្រាប់ទៅកាន់ប្រជាពលរដ្ឋថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋបាលថ្នាក់ដឹកនាំ និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលលោកតែងតែគិតគូរដល់សុខទុក្ខនិងភាពអត់ឃ្លានរបស់ប្រជាពលរដ្ឋជានិច្ច។
លោក ឃួង ស្រេង បន្តថា អំណោយទាំងនេះគឺបានមកពីសម្តេចវិបុលភក្តី សាយ ឈុំ ដែលលោកជាអ្នកគិតគូរដល់ប្រជាពលរដ្ឋ លោកតែងតែចុះជាប់ជាមួយក្រុមការងារនាំយកអំណោយទៅចែកជូនជានិច្ចផ្ទាល់ដល់ពួកគាត់។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅនាពេលកន្លងមកសម្តេចធ្លាប់បានជួយជីកអណ្តូងចំនួន៥អណ្តូង និងជីកស្រះបានចំនួន ៤ នៅសង្កាត់ពន្សាំង និងសង្កាត់ពញ្ញាពន់ សម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំងក្នុងការបង្កបង្កើនផលសម្រាប់ផ្គត់ផ្គង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌព្រែកព្រែកព្នៅទាំងមូលផងដែរ។
ថ្លែងនៅក្នុងឱកាសនោះផងដែរ លោក ឌួង សុជាតិ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ បាននិយាយថា ថ្វីត្បិតតែអំណោយទាំងនេះតិចតួចក៏ពិតមែនតែអាចជួយដល់ការខ្វះខាតបានមួយគ្រារបស់បងប្អូនប្រជាពលរដ្ឋផងដែរ លោកបន្តថា សូមកុំជឿការឃោសនារបស់ជនអគតិមួយចំនួនដែលតែងតែដើរឃោសនាបំផុសបផុល ឬស្តាប់តាមការញុះញង់បំបែកបំបាក់ធ្វើឲ្យប្រទេសជាតិមានសង្គ្រាមបង្កវិនាសកម្មបែកបាក់គ្រួសារ ព្រាត់ប្រពន្ធ ព្រាត់កូន។
អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋទាំង ២០០គ្រួសារនោះក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន២០គីឡូក្រាម ទឹកសីុអីុវ ១ដប ទឹកត្រី១ដប ទឹកដោះគោ១កំប៉ុង មីយើង៤កញ្ចប់ និងថវិកាចំនួន១មឺុនរៀលផងដែរ។
លោកបន្តទៀតថា ប្រជាពលរដ្ឋយើងរស់បានរហូតមកដល់ពេលនេះក៏ដោយសារតែការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចទាំង២ ដែលលោកខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្តាប្រទេសចាប់តាំពីបាតដៃទទេរហូតមកទល់បច្ចុប្បន្ននេះ ហើយស្តារប្រទេសឲ្យប្រែមុខមាត់ថ្មីឡើងវិញ និងធ្វើឲ្យបណ្តាប្រទេសជាដៃគូរមួយចំនួនមានការកោតសរសើរដល់វីរៈភាពរបស់ថ្នាក់ដឹកនាំរបស់យើង ។ រហូតមកទល់និងបច្ចុប្បន្ននេះសម្តេចនៅតែបន្តការក៏សាងនិងស្ថាបនាស្ពាន ផ្លូវថ្នល់ ប្រព័ន្ធលូបង្ហូទឹករំដោការលិចលង់ពីទឹកជំនន់ ទឹកភ្លៀងដែលតែងតែបង្កការរាំងស្ទះដល់ការរកទទួលទានចិញ្ចឹមជីវភាពរបស់ប្រជាពលរដ្ឋយើងផងដែរ៕
ដោយ៖ ព្រែកជ័យ