ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤នេះ នៅស្នាក់ការគណៈកម្មាធិការគណបក្សស្រុកកំពង់ស្វាយ ក្នុងខេត្តកំពង់ធំ លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល សមាជិករដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្ស ឯកឧត្តម ទិត សុធា អនុប្រធានទី១ក្រុមការងារគណបក្ស និងលោកស្រី លំ គន្ធារី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង១១ក្នុងស្រុកកំពង់ស្វាយ ដោយផ្តោតជាសំខាន់សម្រាប់ដំណើរការឆ្ពោះទៅកាន់ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ជាថ្ងៃបើកយុទ្ធនាការក្នុងក្របខណ្ឌទូទាំងប្រទេស ។
លោក សួស យ៉ារ៉ា បានជម្រាបជូនបេក្ខជនជាអង្គបោះឆ្នោតទាំងអស់ដែលអញ្ជើញមកពីឃុំទាំង១១ នៃស្រុកកំពង់ស្វាយ សូមត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ពេលយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ ។ លោក សួស យ៉ារ៉ា បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានគ្រឹះដ៏រឹងមាំ និងមានសាមគ្គីភាពផ្ទៃក្នុងស្អិតរមួតគ្រប់កំរិត ពីថ្នាក់លើដល់មូលដ្ឋាន និងតែងតែខិតខំបម្រើប្រជាពលរដ្ឋ ហើយជានិច្ចកាល សម្តេចតេជោ ប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ក្រៅពីការខិតខំស្វែងរកសន្តិភាពជូនប្រទេសជាតិហើយ គឺប្តេជ្ញាបម្រើអត្ថប្រយោជន៍ប្រជាពលរដ្ឋដោយឥតងាករេ និងគិតគូសព្វបែបយ៉ាងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានជីវភាពរស់នៅកាន់តែប្រសើរឡើង ជាមួយនឹងការកសាងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។
លោក សួស យ៉ារ៉ា មាននូវសុទិដ្ឋិនិយមថា អង្គបោះឆ្នោតទាំងអស់ក្នុងស្រុកកំពង់ស្វាយ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យសម្រេចជោគជ័យ១០០ភាគរយនៅពេលខាងមុខនេះ។ ទន្ទឹមនឹងនោះ លោក សួស យ៉ារ៉ា ក៏បានលើកឡើងអំពីការប្រឹងប្រែងរបស់ក្រុមការងារទាំងថ្នាក់ស្រុក និងឃុំ នូវឱកាសអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត ការដោះស្រាយបញ្ហាប្រឈមនានាដូចជារឿងដីធ្លីជាដើម និងសក្កានុពលនៃដំណាំ គ្រាប់ស្វាយចន្ទី ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយកខេត្តកំពង់ធំ ជាខេត្តអាទិភាពក្នុងការ ជម្រុញការដាំដុះ ការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារក្រៅប្រទេស ហើយ ស្រុកកំពង់ស្វាយ ក៏ជាស្រុកដែលប្រជាពលរដ្ឋភាគច្រើនជាអ្នកដាំដំណាំស្វាយចន្ទីនេះស្រាប់។
នាឱកាសនោះ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានមានប្រសាសន៍ ផ្តាំផ្ញើ និងជាការក្រើនរម្លឹកដល់មន្ត្រីគ្រប់រូប ត្រូវខិតខំដោះស្រាយសេវាសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋ ទាំងសេវាតម្រូវការ និងទាំងសេវាសំណូមពរ និងសូមឱ្យសមាជិកក្រុមប្រឹក្សាគ្រប់ឃុំ ត្រូវក្តាប់ឱ្យបាននូវរាល់បញ្ហាប្រឈម សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ដើម្បីរិះរកលទ្ធភាពនានាក្នុងការជួយបម្រើប្រជាពលរដ្ឋដោយស្មោះសរ ដោយឈរលើស្មារតី រួមសុខ រួមទុក្ខ និងរួមទទួលខុសត្រូវទាំងអស់គ្នា៕
ដោយ ៖ សិលា