លោកទេសរដ្ឋមន្រ្តី គី តិច បានអញ្ជើញសម្ពោធឆ្លងអនុថិតប្បតិដ្ឋា សិរីរក្ខិតោ មហាប្រាសាទនិងសមិទ្ធផលនានាក្នុងវត្តចំបក់បិទមាស ឃុំពត់សរ

ចែករំលែក៖

ខេត្តតាកែវ ៖ នៅថ្ងៃព្រឹក អាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤នេះ លោក គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃក្រុមការងារចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី បានអញ្ជើញជាអធិបតីសម្ពោធឆ្លងអនុថិតប្បតិដ្ឋា សិរីរក្ខិតោ មហាប្រាសាទ និងសមិទ្ធផលនានាក្នុងវត្តចំបក់បិទមាស ឃុំពត់សរ។ អង្គពិធីបានអញ្ជើញចូលរួមពីសំណាក់លោក ចេង ប៉េងហាក់ ប្រធានក្រុមការងារឃុំពត់សរ និងលោក លោកស្រីប្រធានក្រុម អនុប្រធាន ក្រុមការងារទាំង១៥ឃុំនៃស្រុក ព្រមទាំងលោក ឡោ ជំនិត អភិបាលរងស្រុក តំណាងលោកអភិបាល អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនកុះករ។

ជាមួយគ្នានោះដែរ  លោកទេសរដ្ឋមន្ត្រី ក្នុងនាមប្រធានក្រុមការងារ សូមប្រកាសគាំទ្រយ៉ាងក្លៀវក្លាបំផុតនូវគម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងមានសក្តានុពលបំផុតក្នុងការដឹកជញ្ជូន។ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សមិទ្ធផលនានាក្នុងស្រុកបាទី ក៏ដូចជាទូទាំងប្រទេសនៅចំពោះព្រះភក្ត្រព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគណៈអធិបតី បងប្អូនប្រជាពលរដ្ឋគ្រប់រូបៗ ដោយសារគុណតម្លៃសន្តិភាព ត្រូវបានរំដោះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា។ យើងទាំងអស់គ្នា “អរគុណសន្តិភាព” យើងទាំងអស់គ្នាត្រូវបន្តការពារសុខសន្តិភាព ទោះជាក្នុងតម្លៃណាក៏ដោយ និងប្រឆាំងដាច់ខាតចំពោះជនណាមួយដែលមានចេតនាចង់បំផ្លិចបំផ្លាញសន្តិភាព។ សន្តិភាព ជាគ្រឹះក្នុងការអភិវឌ្ឍ លោកទេសរដ្ឋមន្ត្រី បានបង្ហាញទឡ្ហីករណ៍ជាក់ស្តែងនូវបេតុងថ្មីៗ បានកើតឡើងបន្តបន្ទាប់គ្នាក្នងស្រុកបាទី ជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អតីតប្រធានក្រុមការងារស្រុក និងមូលនិធិឃុំ។ បច្ចុប្បន្ននេះលោករដ្ឋមន្ត្រីត្រូវបានថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សបានប្រគល់ភារកិច្ចជូនលោករដ្ឋមន្ត្រី ជាប្រធានក្រុមការងារចុះជួយខេត្តតាកែវ និតីកាលរដ្ឋសភា អាណត្តិទី៧។

មហាប្រាសាទអនុថិតប្បតិដ្ឋា សិរីរក្ខិតោ ត្រូវបានសាងសង់នៅវត្តចំបក់បិទមាស ចំណាយបច្ច័យអស់ប្រមាណជាង៣០មុឺនដុល្លារ ផ្តួចផ្តើមគំនិតដោយព្រះគ្រូចៅអធិការវត្តព្រះនាម វណ្ណ: សុធីរ ក្នុងគោលបំណងដាក់អដ្ឋិធាតុព្រះសព ព្រះគ្រូចៅអធិការគ្រប់ជំនាន់ និងតម្កល់សៀវភៅព្រះត្រៃបិដក ជាដើម។

លោកទេសរដ្ឋមន្ត្រីបានផ្តល់កិត្តិយសបំពាក់មេដាយប្រគេននិងជូនព្រះថេរានុត្ថេរៈនិងសប្បុរសជននានាដែលមានសទ្ធាជ្រះថ្លាក្នុងការសាងសង់សមិទ្ធផលនានាក្នុងវត្ត ព្រមរូបថតអនុស្សាវរីយ៍ និងព្រមជាមួយរាប់បាត្រព្រះសង្ឃជាកិច្ចពហុទេវា ឧទ្ធិសប្រគេនដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះរូប និងញាតិសាច់សាលោហិតគ្រប់សន្តានដែលបានទទួលអនិច្ចធម្ម មរណភាព ឆាប់ក្តី យូរក្តី និមន្ត អញ្ជើញទទួលមគ្គផល៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print