ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធគឹម កុលមុនី បានណែនាំនិងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋត្រូវសង់លំនៅដ្ឋាន ដែលអាចធន់ទៅនឹងខ្យល់កន្ត្រាក់និងការប្រែប្រួលអាកាសធាតុដើម្បីចៀសវាងនូវការខូចខាតឬបំផ្លាញទាំងស្រុងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។
បេីតាមការបញ្ជាក់ពីលោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះថា៖ ប្រជាពលរដ្ឋមុននឹងសាងសង់លំនៅដ្ឋានណាមួយត្រូវសិក្សាជាមួយអ្នកជំនាញនិងជាងឱ្យបានច្បាស់លាស់ មុននឹងសាងសង់ដើម្បីឱ្យការសាងសង់លំនៅដ្ឋានមានគុណភាពអាចធានានិងធន់ទៅនឹងខ្យល់កន្ត្រាក់ និងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ លោកអ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវដល់ក្រសួងស្ថានប័នជំនាញត្រូវតាមដានការព្យាករណ៍ស្ថានភាពអាកាសធាតុ ខ្យល់កន្ត្រាក់ជាប្រចាំ ដើម្បីឱ្យអាជ្ញាធរត្រៀមបង្ការនិងអន្តរាគមន៍ឆ្លើយតបឱ្យបានទាន់ពេលវេលា។ ចំណែកប្រជាពលរដ្ឋក៏ត្រូវតាមដានផងដែរ និងត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ផ្សេងៗដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនេះ ព្រោះថានៅដើមខែឧសភានេះប្រទេសកម្ពុជាមានភ្ញៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តលឱ្យមានខ្យល់កន្ត្រាក់ជាច្រើនលើក និងផ្គររន្ទះប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋក៏ដូចជាសត្វពាហនៈផងដែរ។
សូមជម្រាបជូនថា លំនៅដ្ឋានដែលអាចធន់ នឹងការប្រែប្រួលអាកាសធាតុ បានជួយច្រើនដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃដូចជាអាចទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាខ្យល់កន្ត្រាក់និងផ្គររន្ទះចៀសផុតពីគ្រោះថ្នាក់ផ្សេងៗពិសេសមិនចំណាយថវិកាក្នុងការជួសជុលឬសង់លំនៅដ្ឋានថ្មីជាដើម។
គួរបញ្ជាក់ថា ករណីខ្យល់កន្ត្រាក់ នៅដើមខែឧសភាឆ្នាំ២០២៤នេះ បានប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋជិត ១០០០ ខ្នងរួមទាំងការខូចខាតផ្ទះទាំងស្រុង កម្រិតមធ្យមនិងកម្រិតស្រាលនៅខេត្តឧត្តរមានជ័យ មណ្ឌលគិរី កំពង់ធំ ក្រចេះ បាត់ដំបង សៀមរាប រតនគិរី ត្បូងឃ្មុំ តាកែវ ព្រះវិហារ ស្វាយរៀង ព្រៃវែង ប៉ៃលិន កំពត កំពង់ចាម ស្ទឹងត្រែង កំពង់ឆ្នាំងនិងពោធិ៍សាត់៕ដោយ៖តារា