ស្អែកនេះ ! សម្តេចធិបតី ហ៊ុន ម៉ាណែត និងស្ត្រីទី១កម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែឧសភា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ស្អែកនេះ ! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សកយ៉ល។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អោយដឹងថា , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់ ១៩ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក យួន សកយិល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។

អញ្ជើញអមដំណើរ សម្តេចធិបតី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំង រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតី យួន សកយ៉ល ពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ លោកនាយករដ្ឋមន្ត្រី ហាន់ ដុកស៊ូ (Han Duck-soo) និង លោកប្រធានរដ្ឋសភា គីម ជីនផ្សំ (Kim Jin-pyo)។ សម្តេចធិបតី ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និងជួបជាមួយក្រុមហ៊ុន កូរ៉េសំខាន់ៗមួយចំនួន ហើយនឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print