ខេត្តកំពង់ឆ្នាំង៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃអង្គារទី១៤ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយមានការចូលរួមពីប្រតិភូអមដំណើរ និងនាយទាហាន នាយទាហានរង ពលទាហាននៃបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១ ជាច្រើនរូបផងដែរ។
ថ្លែងក្នុងពិធីនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថាថ្ងៃនេះ ខ្ញុំមានក្តីសោមនស្សសប្បាយរីករាយក្រៃលែងដោយ បានមកសួរសុខទុក្ខ សំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១ ការជួបជុំគ្នាដ៏ច្រើនកុះករ នាពេលនេះ គឺស្របពេលនឹងការគម្រប់ខួបលើកទី ៤៦ឆ្នាំនៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ១២ ឧសភា ១៩៧៨ – ១២ ឧសភា ២០២៤។
ឆ្លៀតឱកាសនេះ នាយឧត្តមសេនីយ៍ សៅ សុខា សូមពាំនាំបណ្តាំសាកសួរសុខទុក្ខ នឹករលឹក ពីសំណាក់ ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១ ទាំងអស់។ តាមរយៈអស់លោកដែលវត្តមាននៅទីនេះ សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខចំពោះគ្រួសារ ដែលមានប្អូនស្រីជាភរិយា ក្មួយជាកូន ជាចៅ លោកឪពុក អ្នកម្តាយរបស់អស់លោកទាំងអស់ ជាមួយនឹងការជូនពរសូមមាន សុខភាពល្អបរិបូរណ៍ ជន្មាយុវែង សម្បូរទ្រព្យ ចម្រើនបញ្ញា គ្រប់ក្រុមគ្រួសារមានសុភមង្គល ធ្វើដំណើរទៅឆ្ងាយជិត តាមមធ្យោបាយទឹក គោក អាកាស សូមប្រកបដោយសុវត្ថិភាព ។
លោកនាយឧត្តមសេនីយ៍ បានបន្តថា៖ ព្រះរាជាណាចក្រកម្ពុជាយើងមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីពេញលេញបាន ២៦ឆ្នាំ ៧ខែ និង ១៦ថ្ងៃហើយ។ បន្ទាប់ពីប្រទេសធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាមនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍អស់រយៈពេល ២៨ឆ្នាំ ៨ខែ និង ១១ថ្ងៃ គិតត្រឹមថ្ងៃនេះ ពេលនេះ តែបើក្រឡេកត្រឡប់ទៅអានប្រវត្តិសាស្ត្រកម្ពុជានោះនឹងឃើញថា នេះជាលើកដំបូងហើយដែលប្រទេស និងប្រជាជនកម្ពុជា ស្គាល់ពាក្យសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្នុងរយៈជាង ៥០០ឆ្នាំ។ សន្តិភាពពិតជាមានតម្លៃព្រោះសន្តិភាពបាននាំឱ្យយើងជួបជុំក្រុមគ្រួសារ សប្បាយរីករាយ សន្តិភាពផ្តល់ឱកាសឱ្យយើងនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍនោះហើយ បានផ្តល់ជីវភាពរស់កាន់តែប្រសើរឡើងជាបណ្តើរៗ។ សន្តិភាពនេះ គឺបានកើតឡើងពីនយោបាយឈ្នះឈ្នះ ដែលដឹកនាំ និងបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ឆ្លៀតឱកាសនេះ យើងទាំងអស់គ្នានៅទីនេះសូមថ្លែងអំណរគុណនិងសូមជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមសម្តេចមានសុខភាពល្អបរិបូរណ៍ ជន្មាយុវែង បន្តដឹកនាំប្រទេសជាតិឱ្យកាន់តែអភិវឌ្ឍ ជឿនលឿនបន្ថែមទៀត។
នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថាជាមួយនឹងសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់រីកដុះដាលលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល។ កងយោធពលខេមរភូមិន្ទយើងក៏បានរួមចំណែកបង្កើតស្នាដៃ និងសមិទ្ធផលមានជាអាទិ៍៖ ការចូលរួមផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេស សង្រ្គោះអាយុជីវិតប្រជាជនកម្ពុជានាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ការទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ធ្វើជាស្នូលក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ ចូលរួមស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទំនប់ ប្រឡាយ ធារាសាស្ត្រ ដោះម៉ីនរំដោះដីស្រែជូនប្រជាជន ការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ការពារ ធនធានធម្មជាតិ គាំទ្រស្ថាប័នប្រមូលចំណូលថវិកាជាតិរាប់ពាន់ម៉ឺនលានដុល្លារ សង្រ្គោះប្រជាជនពេលជួបគ្រោះមហន្តរាយ និងចូលរួមថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ លើកកម្ពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។ល។
ដោយឡែកបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១ (អតីតកងពលធំថ្មើរជើងលេខ៧ និងបន្ទាប់មកកងពលធំលេខ១ បច្ចុប្បន្ន កងពលតូចថ្មើរជើងអន្តរាគមន៍លេខ១) ចាប់ពីថ្ងៃបង្កើតយុទ្ធជន យុទ្ធនារី ក្នុងកងពលបង្កើតបានស្នាដៃសមិទ្ធផលជាច្រើន តាមរយៈ ស្នាដៃ សមិទ្ធផលនោះហើយ សូមនាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប គ្រប់ជំនាន់ ត្រូវមានមោទនភាពផង និងមានការទទួលខុសត្រូវ ថែរក្សាប្រពៃណី ស្នាដៃ សមិទ្ធផល ដែលរៀមច្បងបានធ្វើពលិកម្មកសាងទុកមកឱ្យបានយូរអង្វែងសម្រាប់ជាប្រយោជន៍ ក្នុងការការពារខឿនឯករាជ្យ បូរណអធិបតេយ្យជាតិ និងជាកម្លាំង ដ៏ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពាររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ។ ត្រូវមានទស្សនៈត្រឹមត្រូវ គោលជំហរ រឹងមាំ អង់អាចក្លាហាន មានវិន័យ គោរពច្បាប់ និងមានសាមគ្គីឯកភាពផ្ទៃក្នុងល្អ គោរពម៉ឺងម៉ាត់ឋានានុក្រមកងទ័ព។
ជាមួយនិងស្នាដៃ សមិទ្ធផល មោទនភាពសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ដ៏ល្អនេះ យើងក៏ប្រឈមនឹងបញ្ហាដែលកើតឡើងថ្មីៗជាច្រើន ដែលគម្បីត្រូវបន្តរួមគ្នាស្វែងយល់ និងមានការយល់ដឹងបានត្រឹមត្រូវ មានសកម្មភាពព្រមៗគ្នា ខាងក្រោមនេះខ្ញុំសាកល្បងលើកជាគំនិតជូនអស់លោក លោកស្រី អ្នកនាងកញ្ញា ត្រិះរិះពិចារណា ១០ប្រការត្រូវ និង ១០ប្រការជៀសវាង៖
១០ប្រការ ដែលត្រូវជៀសវាង សូម្បីតែក្នុងសតិអារម្មណ៍ក៏មិនត្រូវស្រមើស្រម៉ៃឃ្លេងឃ្លោងដែរនោះគឺៈ
១- មិនត្រូវថ្នាំងថ្នាក់ជាមួយ(អភិជន) គឺអ្នកមាននោះទេ
២- មិនត្រូវតូចចិត្តសួរម៉េចថាគេមានសក្តិមានមុខតំណែងខ្ពង់ខ្ពស់នោះទេ
៣- កុំសាកល្បងប្រើ កុំជួញដូរ កុំដឹកជញ្ជូន កុំការពារគ្រឿងញៀន
៤- កុំលេងល្បែងផ្សងសំណាង
៥- កុំជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់
៦- កុំជួញដូរមនុស្ស
៧- កុំកាប់ឈើ កុំទន្រ្ទានដីធ្លី និងនេសាទខុសច្បាប់
៨- កុំការពារឈ្មួញទុច្ចរិត
៩- ត្រូវប្រុងប្រយ័ត្នការលេងបណ្តាញសង្គម ដូចជា Facebook, TikTok ។ល។
១០- ពេលទទួលបាន នូវព័ត៌មានតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយក្តី តាមរយៈមាត់ចាប មាត់ព្រាបក្តី កុំប្រញាប់សម្រេចចិត្តជឿខុស ដែលនាំទៅរកសកម្មភាពខុស បំផ្លាញខ្លួនឯង និងគ្រួសារ។ ត្រូវស្វែងរកនូវព័ត៌មានពិត និងមិនត្រូវប្រតិកម្មជំនួស អ្នកប្រព្រឹត្តកំហុសនោះឡើយ។
១០ ប្រការ ដែលត្រូវយល់ដឹង និងធ្វើ នោះគឺៈ
១-ត្រូវចេះពេញចិត្តរបស់ដែលយើងកំពុងមាន
២-ត្រូវមានមោទនភាពកិច្ចការដែលយើងកំពុងធ្វើ
៣-ត្រូវស្វែងរកចំណេះ
៤-ត្រូវចេះសន្សំសំចៃ
៥-យើងជាយោធិនរស់នៅក្នុងអង្គការចាត់តាំង ពិសេស ត្រូវគោរពវិន័យ គោរព ឋានានុក្រម គោរពអនុវត្តច្បាប់។ ធ្វើជាគំរូល្អសម្រាប់ពលរដ្ឋទូទៅយកជាគំរូ និងប្រតិបត្តិតាម ។
៦-ត្រូវរក្សាការសម្ងាត់យោធា និងការសម្ងាត់ប្រទេសជាតិ។
៧-ត្រូវប្រុងប្រយ័ត្ន ថែរក្សាការពារឃ្លាំងអាវុធ គ្រាប់រំសេវ បង្ការបាត់បង់ ឆេះផ្ទុះ
៨-ត្រូវចូលរួមគាំទ្រការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដើម្បីយើងមានកងកម្លាំងប្រដាប់អាវុធមួយខ្លាំង ធ្វើជាស្នូលក្នុងការការពារខឿនឯករាជ្យ បូរណអធិ បតេយ្យជាតិរបស់យើងដោយកម្លាំងរបស់យើងផ្ទាល់។
៩-គាំទ្ររាជរដ្ឋាភិបាលលើគម្រោងផែនការជីកព្រែកហ្វូណនតេជោ។
១០-ពេលនេះគួរប្រៀបធៀប តើនរណាមានសុខភាពល្អជាង? សប្បាយចិត្តជាង? ក្រុមគ្រួសារមានសុភមង្គលជាង? ។
នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងអំណរគុណ ចំពោះការរៀបចំបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅ និងការតាមដានស្តាប់ ឯកភាព យល់ព្រម គាំទ្រ មតិសំណេះសំណាលរបស់ខ្ញុំ ជាមួយនិងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នទប់ស្កាត់ នូវរាល់ឧបាយកល បំផ្លិចបំផ្លាញសន្តិភាព សន្តិសុខ ពីមជ្ឈដ្ឋានប្រតិកិរិយាទាំងក្នុងនិងក្រៅប្រទេស។ សូមជូនពរ អស់លោក លោកស្រី អ្នកនាងកញ្ញា និងអង្គពិធីទាំងមូលសមប្រកប តែនិងពុទ្ធពរ ពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ៖តារា