ទិវាអន្តរជាតិស្តីពីគ្រួសារឆ្នាំនេះ សម្តេចធិបតី សូមអំពាវនាវចំនួន ៩ ចំណុចសំខាន់ៗ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងកម្មវិធីការប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារឆ្នាំនេះ សម្តេចធិបតី សូមអំពាវនាវចំនួន ៩ ចំណុចសំខាន់ៗ ដូចតទៅ ៖

១- គ្រួសារនិងសហគមន៍នីមួយៗ ត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់អប់រំសីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ល្អរបស់យើង ប្រកបដោយមនសិការនិងការទទួលខុសត្រូវខ្ពស់ចំពោះសមាជិក គ្រួសាររបស់ខ្លួន តាមរយៈការផ្តល់ការអប់រំរៀនសូត្រ សីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹងទូទៅ និងជំនាញ វិជ្ជាជីវៈផ្សេងៗ សំដៅពង្រឹងនិងអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងគ្រួសារ ឱ្យប្រកបដោយភាពរឹងមាំ សេចក្តី ថ្លៃថ្នូរ និងស័ក្តិសិទ្ធភាព ដើម្បីបន្តធានាដឹកនាំគ្រួសារដែលជាកោសិកាសង្គមឱ្យកាន់តែរុងរឿង ថ្កុំថ្កើង និង មានសុភមង្គល។

២- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួងព័ត៌មាន និង សមាគមទូរទស្សន៍ រៀបចំឱ្យមានជាវេទិកាតុមូល និងការផលិតវីដេអូអប់រំ ដើម្បីចាក់ផ្សាយនៅតាមស្ថានីយ ទូរទស្សន៍ រោងភាពយន្ត និងទីសាធារណៈផ្សេងៗ អំពីគុណតម្លៃគ្រួសារក្នុងការចូលរួមសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំ និងរោងចក្រ សហគ្រាសនានា ទូទាំងប្រទេស។

៣- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ ជាតិនានា តាមរយៈការពង្រឹងនិងពង្រីកសេវាសុខុមាលភាពសង្គមសម្រាប់ជនក្រីក្រងាយរងគ្រោះ និងបង្ក លក្ខណសម្បត្តិល្អប្រសើរជូនគ្រួសារ ក្នុងការកសាងជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតស្រប តាមការអភិវឌ្ឍសង្គមជាតិ តាមរយៈការសិក្សារៀបចំកម្មវិធីស្ពានចម្លងសេវាសង្គមដល់គ្រួសារក្រីក្រ ជាពិសេសគ្រួសារដែលមានកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល មនុស្សវ័យចាស់គ្មានទីពឹង ជនមានពិការភាព ជនអនាថា និងអ្នកញៀនគ្រឿងញៀន និងបន្តរៀបចំកម្មវិធីគាំទ្រការអភិវឌ្ឍគ្រួសារ និង សហគមន៍ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប។
៤- មូលនិធិជាតិជំនួយសង្គម ត្រូវបន្តរៀបចំគោលនយោបាយផ្សេងៗក្នុងការផ្តល់កិច្ចអន្តរាគមន៍គាំពារ សង្គមជារួម និងជំនួយសង្គមដោយឡែក ដល់ប្រជាជនទូទៅ ពិសេសជនរងគ្រោះនិងងាយរងគ្រោះ សំដៅ លើកកម្ពស់ជីវភាពរស់នៅ និងការកសាងគុណភាពជីវិតប្រកបដោយបរិយាបន្ន។
៥- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំនូវយន្តការនៃការកសាងកម្លាំងសេវាសង្គមគឺ អ្នកសង្គមកិច្ចអាជីព អ្នកសង្គមកិច្ចអាជីពរងអ្នកសង្គមកិច្ចបឋម និងអ្នកសង្គមកិច្ចសម្ព័ន្ធ ដែលជាប្រតិបត្តិករស្នូលក្នុងការអនុវត្តនូវប្រតិបត្តិការជំនួយ សង្គមនិងសេវាសង្គម ប្រកបដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់ នៅគ្រប់ជាន់ថ្នាក់ ស្របតាមផែនការ យុទ្ធសាស្ត្រស្តីពីកម្លាំងសេវាសង្គម ឆ្នាំ២០២២-២០៣១ និងឯកសារទឡីករណ៍ស្តីពីការវិនិយោគលើកម្លាំងសេវា សង្គមនៅកម្ពុជា។
៦- នៅតាមបណ្តាក្រសួង ស្ថាប័នរាជធានី ខេត្ត ត្រូវបន្តសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការរៀបចំឱ្យបានទូលំទូលាយនិងផុសផុល ដើម្បីជាការរួមចំណែកក្នុងការលើកកម្ពស់ សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ពិសេសជំរុញដល់ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងការអនុវត្តច្បាប់ ព្រមទាំងវិធានការផ្សេងៗទៀត ដែល រាជរដ្ឋាភិបាលបានដាក់ចេញ។
៧- ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលទាំងជាតិនិងអន្តរជាតិ សូមបន្តចូលរួមឱ្យបានកាន់តែសកម្ម បន្ថែមទៀតក្នុងការជួយគាំទ្រដល់សកម្មភាព កម្មវិធីអភិវឌ្ឍន៍គ្រួសារ ទាំងថវិកានិងធនធានមនុស្ស ដើម្បី ធានាឱ្យបាននូវការលើកកម្ពស់ដល់ភាពរឹងមាំរបស់គ្រួសារទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទោះបីក្នុង ដំណាក់កាលដែលពិភពលោកកំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក៏ដោយ ហើយ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កាកបាទក្រហមកម្ពុជា សប្បុរសជននានា សូមបន្តជំរុញចលនាលើកកម្ពស់ដល់សុខុមាលភាពគ្រួសារ និងបន្តបង្កើនសកម្មភាពមនុស្សធម៌ឱ្យកាន់តែ ខ្លាំងក្លាថែមទៀត តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ទាំងការជំរុញចលនានិងសកម្មភាព ទោះធ្វើដោយ ផ្ទាល់ក្តី ឬដោយប្រយោលក្តី។
៨- ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា មាតាបិតា អ៊ុំមាមីង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សូមព្រះមេត្តា និងមេត្តាចូលរួមចំណែកតាមគ្រប់លទ្ធភាព ក្នុងការជួយផ្តល់ដំបូន្មានល្អៗ ដល់សមាជិកក្នុងគ្រួសារ និងសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយត្រងត្រាប់រៀនសូត្រ និងគោរពអនុវត្តតាម ដោយខ្ជាប់ខ្ជួន ដូចទស្សនៈលើកឡើងថា « មនុស្សចាស់ជាថ្នាលបណ្តុះបណ្តាលសម្រាប់ក្មេងជំនាន់ក្រោយ »។

៩- គ្រប់ប្រព័ន្ធឃោសនាផ្សព្វផ្សាយរបស់រដ្ឋនិងឯកជន សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី តួនាទីរបស់មាតាបិតាក្នុងការអប់រំកូនចៅ និងកាតព្វកិច្ចរបស់កូនចៅចំពោះមាតាបិតា ព្រមទាំងអប់រំទូន្មាន កូនចៅឱ្យចាកចេញឆ្ងាយពីអំពើនានាដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គម ដូចជាការជួញដូរនិង ប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សាក្នុងគ្រួសារ ជំងឺអេដស៍ និងជំងឺកាមរោគ ការប្រព្រឹត្តល្បែង ស៊ីសង និងអំពើអបាយមុខផ្សេងៗទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print