ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ៖ តាមរយៈនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល រាជរដ្ឋាភិបាល បានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធជាច្រើន សំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្តិសិទ្ធភាព។
យោងតាមសារលិខិតអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ រាជរដ្ឋាភិបាល តែងតែខិតខំប្រឹងប្រែងដោយបានយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការកសាងនូវគោលនយោបាយជាច្រើន ដូចជានាពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដឹកនាំអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិករកម្មវិធីនេះ គឺបានសមាហរណកម្មកម្មវិធីចំនួន៤បញ្ចូលគ្នា រួមមាន៖
១- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
២- កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ
៣- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព
៤- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង) និងមានរួមបញ្ចូលការឧបត្ថម្ភគោលសម្រាប់គ្រួសារនិងឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលនឹងចាប់ផ្តើមអនុវត្តជាផ្លូវការនៅក្នុងអំឡុងខែមេសា ឆ្នាំ២០២៤។
នៅក្នុងសារលិខិតដដែលនោះដែរ បានគូសបញ្ជាក់ថា កម្មវិធីជាតិជំនួយសង្គមទាំងនេះ បានស្តែងឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយដើម្បីរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ៕