យុវជនអាយុ២៣ឆ្នាំម្នាក់ នៅស្រុកជលគីរី ត្រូវបានឪពុក-ម្តាយ ស្នើសុំសមត្ថកិច្ចជួយស្វែងរក ក្រោយបាត់ដំណឹងអស់រយៈពេល ១ខែ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ យុវជនអាយុ២៣ឆ្នាំម្នាក់រស់នៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ត្រូវបានឪពុក-ម្តាយ ស្នើសុំដល់សមត្ថកិច្ចជួយតាមស្វែងរក ក្រោយមានក្តីបារម្ភនឹងការបាត់ដំណឹងកូនប្រុសមិនអាចទាក់ទងបាន និងស្វែងរកមិនឃើញអស់រយៈពេល ១ខែមកហើយ ។

 តាមសម្តីរៀបរាប់របស់ម្តាយ បុរសដែលបានបាត់ខ្លួនរូបនោះ បានឲ្យដឹងនៅថ្ងៃទី១៥ ខែឧសភា ២០២៤នេះថា គាត់មានឈ្មោះ ហ៊ុន សាលឹម អាយុ ៥៨ឆ្នាំ ត្រូវជាម្តាយ និងប្តីរបស់គាត់មានឈ្មោះ អួន រ៉ា អាយុ ៥៤ឆ្នាំ ត្រូវជាឳពុក ។ ពួកគាត់មានទីលំនៅស្ថិតនៅក្នុងភូមិក្បាលការឡង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ ក្នុង គ្រួសាររបស់ពួក គាត់មានសមាជិកទាំងអស់ ៥នាក់ ។ ចំណែកកូនប្រុសរបស់គាត់ដែលបានបាត់ខ្លួន រូបនោះ មានឈ្មោះ អួន ដារ៉ូ ភេទប្រុស អាយុ ២៣ ។

កន្លងមកកូនប្រុសពួកគាត់ បានទៅសិក្សាភាសាកូរ៉េ នៅឯខេត្តកំពង់ឆ្នាំង ហើយបានប្រឡងជាប់ភាសាកូរ៉េ និងត្រៀមរៀនវគ្គខ្លីបន្ថែមទៀត។ ប៉ុន្តែក្នុងកាលៈទេសៈខ្វះ ខាត កូនប្រុសរបស់គាត់បានសុំទៅធ្វើការងារនៅរាជ ធានីភ្នំពេញ ដើម្បីបានប្រាក់ សម្រាប់ជួយដោះស្រាយជីវភាព និងផ្គត់ផ្គង់ការរៀនសូត្ររបស់រូបគេនោះផង។

 ឪពុកម្តាយរបស់យុវជនដែលបានបាត់ខ្លួនបន្ថែមទៀតថា ក្នុងរយៈដែលចេញទៅធ្វើការនៅភ្នំពេញប្រមាណជាង ៨ខែហើយ កូនរបស់គាត់មិនដែលមកផ្ទះសោះឡើយ តែពួកគាត់អាចទំនាក់ទំនងសាកសួរសុខទុក្ខបានតាមរយៈទូរស័ព្ទ ។  ប៉ុន្តែរយៈពេល១ខែចុងក្រោយនេះ កូនគាត់បានបាត់ដំណឹងសូន្យឈឹង សូម្បីតែការ តាមទូរស័ព្ទ ក៏ពួកគាត់មិនអាចទាក់ទងបានឡើយ។

 ដោយក្តីបារម្ភចំពោះកូនប្រុស ពួកគាត់បានសម្រេចចិត្តតាមរកកូនដល់ភ្នំពេញ នៅកន្លែងធ្វើការ ប៉ុន្តែអ្នកនៅទីនោះប្រាប់ថា កូនរបស់គាត់បានឈប់ធ្វើការនៅទីនោះហើយ ដោយបានផ្លាស់ប្តូរទៅធ្វើការកន្លែងថ្មីជាមួយមិត្តភក្តិ ។ ឪពុកម្តាយរបស់យុវជនរូបនោះ បានបន្តស្វែងរក និងសាកសួរបន្ថែម ប៉ុន្តែ នៅតែគ្មានដំណឹងពីកូនប្រុសរបស់គាត់សោះឡើយ។

សេចក្តីរាយការណ៍ពីក្រុមគ្រួសារ និងអ្នកជិតខាងបានបន្តថា យុវជនដែលបានបាត់ខ្លួនរូបនោះ ជាក្មេងដែលមានអត្តចរិកសុភាពរាបសារ មិនចេះមាត់ចេះក មិន ដែលមានទំនាស់អ្វីជាមួយគ្រួសារ និងបានបួសរៀនតាំងតែពីតូចផងដែរ ។

ឪពុកម្តាយរបស់យុវជនបានបាត់ខ្លួន អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាមហាជនគ្រប់មជ្ឈដ្ឋាន បើសិនបានឃើញកូនប្រុសគាត់ ដែលមានភិនភាគដូចក្នុងរូប ដែលពួកគាត់បានបង្ហាញ នៅទីកន្លែងណា សូមជួយផ្តល់ដំណឹងជួនពួកគាត់ដោយក្តីអនុគ្រោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print