ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងស្ទាវចំនួន៧នាក់ត្រូវបានឃាត់ខ្លួន ហើយ២នាក់ទៀតនគរបាលកំពុងតាមប្រម៉ាញ់ ខណៈដែលក្រុមក្មេងស្ទាវចំនួន០២ក្រុមបានបើកឆាកប្រយុទ្ធគ្នានៅក្នុងពិធីមង្គលការ បង្កឱ្យមានការភ្ញាក់ ផ្អើលដល់ភ្ញៀវកំពុងតែអង្គុយហូប រត់ចែកជើងគ្នាព្រាត។
ការឃាត់ខ្លួនក្រុមក្មេងស្ទាវបង្កការអុកឡុកមង្គលការបង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបានឱ្យដឹងថា ការឃាត់ខ្លួនក្រុមក្មេងស្ទាវបង្កការអុកឡុកក្នុងមង្គលការគេនេះ គឺកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ័ទំព័រមាសឃាត់ខ្លួនមនុស្សចំនួន២ក្រុម ដែលបានធ្វើសកម្មភាពបង្កភាពអុកឡុក ដេញវាយ និងគប់គ្នាទៅវិញទៅមក នៅក្នុងពិធីមង្គល ការកូនរបស់ឈ្មោះ ថន ធន ភេទ អាយុ ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ ឆឹង គីន អាយុ៤៤ឆ្នាំ រស់នៅភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុម្ចាស់ដើមការបានដាក់ពាក្យបណ្តឹង ដោយកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ ក្រុមក្មេងស្ទាវបានវាយតប់គ្នា។
នគរបាលស្រុកសំរោងទងបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងពីម្ចាស់ដើមការ នគរបាលសហការស្រាវជ្រាវឃាតបានក្រុមខាងកូនក្រមុំ នៅក្នុងភូមិប្រជៀវបាត ឃុំទំព័រមាសចំនួន០៣នាក់ ដែលទី១/ ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំទី០២/ ឈ្មោះ ឆែម ភារម្យ ភេទប្រុស អាយុ ២៤ឆ្នាំ និងទី០៣/ ឈ្មោះ មឿង មី ភេទប្រុស អាយុ ២៦ឆ្នាំ ហើយចំពោះឈ្មោះឈឿន ឧត្តម ហៅដំ ភេទប្រុស អាយុ១៨ឆ្នាំបានគេចខ្លួន។
ចំណែកក្រុមខាងកូនកំលោះ ភូមិតាំងកន្ទួត ឃុំទំព័រមាសចំនួន៤នាក់ ដែលទី០១/ ឈ្មោះ ផា រ៉េត ភេទប្រុស អាយុ ២១ឆ្នាំ ទី០២/ ឈ្មោះ ផា ណារ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ ទី០៣/ ឈ្មោះ អ៊ុន បាន ភេទប្រុស អាយុ ២១ឆ្នាំ និងទី០៤/ ឈ្មោះ កយ សុភា ភេទប្រុស អាយុ ២៤ឆ្នាំ ។ដោយឡែកកឈ្មោះថុន ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិហោងសំណំ ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានគេចខ្លួន។
នគរបាលស្រុកសំរោងទងបានបន្ថែមថា ពេលធ្វើការសាកសួរជនសង្ស័យទាំងអស់ខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដេញវាយគ្នា បង្កភាពអុកឡុក និងដេញវាយគ្នានៅក្នុងរោងការខាងលើពិតប្រាកដមែន ។
ក្រោយឃាត់សួរនាំក្រុមក្មេងស្ទាវទាំង៧នាក់ខាងលើនេះ ជំនាញសហការជាមួយប៉ុស្តិ៍កំពុងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕