រដ្ឋមន្ត្រីការពារជាតិថ្មីរុស្ស៊ីនិយាយថា រុស្ស៉ីចាំបាច់ត្រូវតែឈ្នះនៅអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤នេះបានផ្សាយថា អនាគតរដ្ឋមន្រ្តីការពារជាតិរុស្ស៉ីថ្មី គឺលោក Andrei Belousov បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កិច្ចការចម្បងបំផុតរបស់ប្រទេសរុស្ស៉ីនាពេលនេះ ដើម្បីសម្រេចឱ្យបានជ័យជម្នះលើសមរភូមិនៅអ៊ុយក្រែន ដោយមានចំនួនកងទ័ពត្រូវពលីជីវិតស្ថិតក្នុងកម្រិតទាបតាមតែអាចធ្វើទៅបាន។

លោក Belousov ដែលជាសេដ្ឋវិទូមួយរូបត្រូវបានប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ជ្រើសតាំងក្នុងការសម្រេចចិត្តគួរឱ្យភ្ញាក់ផ្អើលមួយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដើម្បីជំនួសរដ្ឋមន្រ្តីការពារជាតិមុនគឺលោក Sergei Shoigu បានលើកឡើងថា វិស័យយោធារុស្ស៉ី ត្រូវការប្រសិទ្ធភាព និងនវានុវត្តន៍បន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ ថ្លែងនៅចំពោះមុខសភា
រុស្ស៉ី លោក Belousov បាននិយាយដូច្នេះថា «ប្រាកដណាស់ កិច្ចការចម្បងបំផុតគឺនៅតែជាការសម្រេចឱ្យបានជ័យជម្នះ។ ធានាឱ្យបាននូវការសម្រេចគោលដៅយោធា និងនយោបាយនៃប្រតិបត្តិការយោធាពិសេស (សង្រ្គាមអ៊ុយក្រែន) ដែលកំណត់ដោយលោកប្រធានាធិបតី។ ប៉ុន្តែក្នុងពេលទន្ទឹមគ្នា ខ្ញុំចង់សង្កត់ធ្ងន់អំពីរឿងនេះ គឺកាត់បន្ថយចំនួនកងទ័ពដែលត្រូវបាត់បង់»។
ក្រុមមន្រ្តីរុស្ស៉ីកម្រនឹងលើកឡើងណាស់ ពាក់ព័ន្ធចំនួនកងទ័ពស្លាប់និងរបួសក្នុងសង្រ្គាមនៅអ៊ុយក្រែន លើកលែងតែការនិយាយស្ងើចសរសើរពីវីរភាពនៃទាហាន ដែលបានពលីជីវិត។ ទាំងរុស្ស៉ី ទាំងអ៊ុយក្រែន សុទ្ធតែមិនបានចេញផ្សាយព័ត៌មានលម្អិតស្តីពីចំនួនកងទ័ពស្លាប់និងរបួសនោះឡើយ។ បើតាមក្រុមអ្នកវិភាគយោធាលោកខាងលិច រុស្ស៉ីដែលមានប្រជាជនច្រើនជាងអ៊ុយក្រែន ជាង៣ដង បានបង្ហាញឱ្យឃើញថា ពួកគេមានឆន្ទៈខ្ពស់ជាងអ៊ុយក្រែន ក្នុងការលះបង់ជីវិតកងទ័ពក្នុងចំនួនច្រើនៗ។ យ៉ាងណាមិញ ក្រុមមន្រ្តី
រុស្ស៉ីបានច្រានចោលការវិភាគបែបនោះ ដោយលើកហេតុផលថា វាមិនមានភាពសត្យានុម័តឬត្រឹមត្រូវឡើយ។
ការតែងតាំងលោក Belousov គឺស្របពេលដែលក្រសួងការពារជាតិ
រុស្ស៉ី បាននិងកំពុងជាប់ជំពាក់ជំពិនជាមួយការស៉ើបអង្កេតអំពើពុករលួយទ្រង់ទ្រាយធំមួយ ដែលបានជះផលប៉ះពាល់អវិជ្ជមាន ចំពោះលោក Shoigu។ រឿងអាស្រូវពុករលួយនោះបានរីកកាន់តែធំថែមទៀត កាលពីថ្ងៃអង្គារសប្តាហ៍នេះ ជាមួយការចាប់ខ្លួនមន្រ្តីជាន់ខ្ពស់ម្នាក់នៅក្រសួងការពារជាតិរុស្ស៉ី ក្រោមការសង្ស័យពីបទស៉ីសំណូក។ លោក Belousov ដែលមិនមានបទពិសោធន៍ផ្នែកយោធា ឡើយនោះ ត្រូវបានលោក ពូទីន ផ្តល់ភារកិច្ចក្នុងការធ្វើយ៉ាងណា បង្កើនប្រសិទ្ធភាពជាអតិបរមាក្នុងសេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៉ី ស្របពេលដែលកងទ័ពរុស្ស៉ីកំពុងតែស្ថិតក្នុងជំហរវាយលុកសាជាថ្មី នៅអ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ថត​Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print