ស្លូវ៉ាគី ៖ នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico ស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិតនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃពុធ បន្ទាប់ពីគាត់ត្រូវបានគេបាញ់ជាច្រើនដងក្នុងការប៉ុនប៉ងធ្វើឃាតមួយ។
ការបាញ់ប្រហារនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំរដ្ឋាភិបាលក្រៅកន្លែងមួយនៅកណ្តាលក្រុង Handlova ស្លូវ៉ាគី។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ខ្មាន់កាំភ្លើងដែលសង្ស័យគឺស្ថិតក្នុងចំណោមហ្វូងមនុស្សតូចមួយដែលកំពុងរង់ចាំស្វាគមន៍នាយករដ្ឋមន្ត្រីនៅតាមផ្លូវខាងក្រៅមជ្ឈមណ្ឌលវប្បធម៌ដែលជាកន្លែងកិច្ចប្រជុំបានធ្វើឡើង។
វីដេអូពីកន្លែងកើតហេតុបង្ហាញថានាយករដ្ឋមន្ត្រីដែលរងរបួសត្រូវបានអង្គរក្សរបស់គាត់បញ្ជូនចូលក្នុងរថយន្ត មុនពេលអង្គរក្សរបស់គាត់ចូលបើកលឿនជាមួយគាត់នៅខាងក្នុង។ Fico ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ ហើយបន្ទាប់មកត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅមន្ទីពេទ្រសង្គ្រោះបន្ទាន់មួយចម្ងាយប្រហែល 20 ម៉ាយ (30 គីឡូម៉ែត្រ) ឆ្ងាយពីទីក្រុង Banska Bystrica។
សេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Fico និងគេហទំព័ររបស់គណបក្សរបស់គាត់បានហៅការវាយប្រហារថា “ជាការប៉ុនប៉ងធ្វើឃាត” ។
“គាត់ត្រូវបានគេបាញ់ច្រើនដង ហើយបច្ចុប្បន្នស្ថិតក្នុងស្ថានភាពគំរាមកំហែងដល់អាយុជីវិត» យោងតាមការថ្លែងការ។
នេះបើតាមរដ្ឋមន្ត្រីក្រសួងការងារស្លូវ៉ាគី Erik Tomáš ថា គ្មានអ្នកណាផ្សេងទៀតរងរបួសក្នុងការវាយប្រហារនោះទេ។
សេចក្តីថ្លែងការណ៍ផ្លូវការបាននិយាយថា នាយករដ្ឋមន្ត្រីត្រូវបានគេនាំទៅកាន់ទីក្រុង Banska Bystrica ជំនួសឱ្យទីក្រុង Bratislava ដោយសារតែ “អន្តរាគមន៍ស្រួចស្រាវ” គឺចាំបាច់។ Handlova មានចម្ងាយប្រហែលពីរម៉ោងពីរដ្ឋធានី Bratislava ។
ប្រធានាធិបតីស្លូវ៉ាគី Zuzana Čaputová បាននិយាយថា ជនសង្ស័យជាខ្មាន់កាំភ្លើងត្រូវបានប៉ូលីសឃាត់ខ្លួន។ នាងបាននិយាយថា ភ្នាក់ងារអនុវត្តច្បាប់នឹងចេញផ្សាយព័ត៌មានបន្ថែមនៅពេលដែលពួកគេអាច និងសុំឱ្យសាធារណជនកុំផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលមិនបានបញ្ជាក់។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីបុរសម្នាក់នៅលើឥដ្ឋត្រូវបានមន្ត្រីជាច្រើនចាប់ខ្លួន។
Čaputová បានថ្កោលទោសអ្វីដែលនាងហៅថាជា “ការវាយប្រហារយ៉ាងព្រៃផ្សៃ និងមិនចេះប្រុងប្រយ័ត្ន” លើអ្នកនយោបាយអាយុ 59 ឆ្នាំ ដោយពោលថា “ខ្ញុំរន្ធត់ណាស់” ខ្ញុំសូមជូនពរឱ្យ Roberto Fico ទទួលបានកម្លាំងទាំងអស់ក្នុងគ្រាដ៏លំបាកនេះ ដើម្បីជាសះស្បើយពីការវាយប្រហារ” Čaputová បានសរសេរនៅលើ Facebook ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេលរសៀល លោកស្រីបាននិយាយថា ការវាយប្រហារនេះគឺជា “ការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យផងដែរ”។
សមាជិកសភាគណបក្សប្រឆាំង Maria Kolikova បានពណ៌នាការវាយលុកនេះថាជា “ការវាយប្រហារលើសន្តិសុខផ្ទៃក្នុង” របស់ប្រទេសស្លូវ៉ាគី។
សាក្សីម្នាក់ដែលនៅកន្លែងកើតហេតុដែល Fico ត្រូវបានគេបាញ់បាននិយាយថា ការវាយប្រហារនេះមានអារម្មណ៍ថាដូចជា “សុបិន្តអាក្រក់” បន្ទាប់ពីបានឮការបាញ់លឿនចំនួនបីគ្រាប់ ហើយបានបាញ់មួយគ្រាប់ទៀតប្រៀបដូចជាមនុស្សបានបាញ់កាំជ្រួចទៅលើដី ។
យោងតាមសាក្សីបុរសអាយុ 66 ឆ្នាំបាននិយាយថា៖ “ខ្ញុំគិតថាវាជាសុបិន្តដ៏អាក្រក់សម្រាប់ខ្ញុំ អក្រក់ដែលពិបាកនឺងទទួលយក” “វាមិនអាចទៅរួចទេដែលកើតឡើងនៅប្រទេសស្លូវ៉ាគី។”
ហើយយោងតាមសាក្សីស្ត្រីម្នាក់ Valkova បាននិយាយថានាងបានរង់ចាំជាយូរមកហើយដើម្បីចាប់ដៃ Fico ហើយនឺងសុំថតរូបជាមួយគាត់នៅពេលគាត់ដើរចេញពីអាគារ។
Valkova បានរំឭកថា “នៅពេលនោះ យើងបានឮអ្វីមួយដូចជាផ្ទុះ ដំបូងពួកយើងគិតថាមាននរណាម្នាក់បានគប់ផាវលើដីទុកជាការលេងសើច “។
អ្នកស្រុកស្លូវ៉ាគីបានប្រាប់ Reuters ថានាងបានរង់ចាំតាំងពីម៉ោង 10 ព្រឹកម៉ោងក្នុងស្រុក។ នាងបានអះអាងថា ប៉ូលិសមិនបានត្រួតពិនិត្យច្បាស់លាស់តាមក្រុមមនុស្សដែលកំពុងរង់ចាំស្វាគមន៍ក្នុងព្រឹត្តិការណ៍នោះ នោះទេ ៕
ដោយ ៖ សុផល អាណាន់