ខេត្តកំពង់ឆ្នាំង៖ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អះអាងជាថ្មីម្តងទៀតនៅចំពោះមុខកងទ័ពចិន ក៏ដូចជាសេនុពន្ធ និងអនុពន្ធយោធានៃប្រទេសជាមិត្តិយ៉ាងដូច្នេះថា៖ កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួនជាដាច់ខាត ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅក្រៅប្រទេសផងដែរ។ ការថ្លែងបែបនេះរបស់មេបញ្ជាការកងយោធពលខេមរភូមិន្ទ បានធ្វេីឡេីងក្នុងពិធីបើកសមយុទ្ធ«នាគមាសឆ្នាំ២០២៤» រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ព រំដោះប្រជាជនចិន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំ សែនរីករាយ ស្ថិតនៅខេត្តកំពង់ឆ្នាំង។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលេីកឡេីងថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៣ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយ អព្យាក្រឹត្យ អចិន្រ្តៃយ៍ មិនចូលបក្សសម្ព័ន្ធ និងរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសទាំងអស់នៅលើពិភពលោក។
អគ្គមេបញ្ជាការរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា«កម្ពុជា មិនឈ្លានពាន និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រ ទេសដទៃ ដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាប្រឆាំង ដាច់ចាតការជ្រៀតជ្រែកពីបរទេស ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទោះបីក្រោមរូបភាពណាក៏ដោយ។ កម្ពុ ជាមិនចងសម្ព័ន្ធយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹត្យភាពរបស់ខ្លួនឡើយ កម្ពុជាមិនអនុញ្ញាតឲ្យ មានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាខ្លួននៅ បរទេសដែរលើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ»។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងផងដែរថា ក្នុងនាមរដ្ឋធិបតេយ្យមួយ កម្ពុជារក្សា សិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺនកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗ ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស។ នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា កម្ពុជាស្រលាញ់សន្តិភាព កម្ពុជាមិនត្រូវការសង្រ្គាមនោះទេ បទពិសោធន៍ និងមេរៀនដ៏ជូរចត់ដែលកម្ពុជាធ្លាប់ឆ្លងកាត់ពីផលវិបាកនៃសង្រ្គាម ធ្វើឲ្យកម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព ហើយកម្ពុជាចាត់ទុកសន្តិភាពជាឬសគល់នៃឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានរំលឹកផងដែរថា សន្តិភាពពេលលេញ ដែលកម្ពុជាទទួលបាននាពេលសព្វថ្ងៃនេះ គឺកើតចេញពីគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដោយសម្តេចបានធ្វើពលិកម្ម យ៉ាងធំធេងបំផុតជូនជាតិ យកជីវិតធ្វើជាដើមទុន ដើម្បីបិទបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នាឆ្នាំ ១៩៩៨ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេលលេញ បន្ទាប់ពីត្រូវបាត់បង់អស់រយៈពេល៥០០ឆ្នំា នៃប្រវត្តិសាស្រ្តរបស់កម្ពុជា៕ដោយ៖តារា