ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព

ចែករំលែក៖

ទីក្រុង​សេអ៊ូល​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជួបជាមួយឯកឧត្តម យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា ជាមួយដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សាធារណរដ្ឋកូរ៉េ-ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនកូរ៉េ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែងនៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគ្របដណ្តប់លើវិស័យសំខាន់ៗរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងវិស័យផ្សេងៗទៀត។ ជាលទ្ធផល ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព។

ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាលើការខិតខំជំរុញពាណិជ្ជកម្មនិងវិនិយោគឱ្យកាន់តែល្អប្រសើរតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (Cambodia-Korea FTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ទន្ទឹមនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាជំរុញឱ្យកាន់តែល្អប្រសើរនៃទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ លើវិស័យការពារជាតិនិង សន្តិសុខ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងជិតស្និទ្ធរវាងកម្ពុជា-កូរ៉េ លើការហ្វឹកហាត់ផ្នែកយោធារួមគ្នា លើកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព តាមរយៈភាពជាដៃគូត្រីភាគីរវាងអង្គការសហប្រជាជាតិ-កូរ៉េ-កម្ពុជា (UN-ROK-Cambodia) និងលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលរួមមាន៖ បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអ៊ិនធឺណិត ជាដើម។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើវិស័យកសិកម្ម ការងារ ហេដ្ឋារចនាសម្ព័ន្ធ បរិវត្តកម្មឌីជីថល វប្បធម៌ និងសិល្បៈ។

...

មុននឹងបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានបន្តពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលក្នុងនោះ សម្តេចធិបតី បានវាយខ្ពស់ចំពោះកិច្ចសហការរបស់កូរ៉េ ដែលបានចូលរួមជួយចំណែកនៅក្នុងក្របខ័ណ្ឌមេគង្គ និងការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ អាស៊ាន-កូរ៉េ (ASEAN-Korea Comprehensive Strategic Partnership) ជាដើម៕
ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print