ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ សូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការសមាគម ដែលធ្វើការលើវិស័យព័ត៌មាន អ្នកសារព័ត៌មាន ជាតិទាំងអស់ដែលមានបំណងចង់សិក្សាវគ្គខ្លី ជ្រាបថា ក្រសួងនឹងរៀបចំបើកវគ្គបណ្តុះបណ្តាលលើមុខវិជ្ជា ជំនាញស្តីពី “ការសរសេរដំណឹងទាន់ហេតុការណ៍» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន (រយៈពេលចំនួន៣ថ្ងៃ សិក្សាពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ម៉ោង៨:០០នាទី ដល់ម៉ោង ១២:០០នាទី)។
*ក. លក្ខខណ្ឌនៃការបណ្តុះបណ្តាល៖
-អ្នកសារព័ត៌មានជាតិ ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន
-វគ្គសិក្សានេះ ទទួលសិក្ខាកាមចំនួន ៥០នាក់ ប៉ុណ្ណោះ។
*ខ. ឯកសារភ្ជាប់រួមមាន៖
-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
-បណ្ណសារព័ត៌មាន ចេញដោយក្រសួងព័ត៌មាន
-លិខិតអនុញ្ញាតបើកអាជីវកម្មចេញដោយក្រសួងព័ត៌មាន (មានសុពលភាព)។
ដូច្នេះអ្នកសារព័ត៌មានជាតិ ដែលមានចំណាប់អារម្មណ៍ចូលរួមសិក្សាវគ្គបណ្តុះបណ្តាលខាងលើ សូមទំនាក់ ទំនងចុះឈ្មោះតាមរយៈ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៤។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការសមាគម ដែលធ្វើការលើវិស័យព័ត៌មាន អ្នកសារព័ត៌មាន ជាតិទាំងអស់ជ្រាបជាព័ត៌មាន។
សូមបញ្ជាក់៖ ការសិក្សានេះមិនតម្រូវឱ្យបង់ប្រាក់។ ក្រោយបញ្ចប់ការសិក្សាក្រសួងនឹងចេញវិញ្ញាបនបត្រជូន៕ដោយ៖តារា